បែកធ្លាយធុំក្លិនរឿងអាស្រូវចេញពីពន្ធនាគារខេត្តប៉ៃលិនខណ:ប្រធានពន្ធគារនេះទើបឡើងកាន់តំណែងបាន៣ខែ
ខេត្តប៉ៃលិន ៖ កាលពីរសៀលថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០២១នេះ មានការបែកធ្លាយនូវរឿងអាស្រូវមួយចេញពីពន្ធនាគារខេត្តប៉ៃលិន ដែលមានទីតាំង ស្ថិតនៅក្នុងភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ខណ:លោកប្រធានពន្ធនាគារនេះមកពីខេត្តបាត់ដំបងទើបឡើងកាន់តំណែងមិនទាន់បាន ១ឆ្នាំនៅឡើយទេ ដោយគេឃើញក្រុមអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានគណនេយ្យឈ្មោះ «ស្អែកស្លាប់ស្អែកស្លាប់ ស្រលាញ់យុត្តិធម៌ និង Support page_345» បានបង្ហោះចែកចាយដោយលើកឡើងថា ៖ សូមឱ្យសម្តេចក្រឡាហោម ស ខេង ជួយអន្តរាគមន៍ រឿងប្រធានពន្ធនាគារខេត្តប៉ៃលិនមានឈ្មោះ រ័ត្ន ទី និង អនុប្រធានពន្ធនាគារ ហេង ចាន់ដារ៉ា បានដែលឃុបឃិតគ្នាលក់ថ្នាំញៀន និងទូរស័ព្ទពេញគុកនេះផង។ ប្រភពដដែលបន្តទៀតថា ៖ នៅពន្ធនាគារខេត្តប៉ៃលិនមានអ្នកទោសស្លាប់២នាក់ទៀតផងដោយមិនដឹងមូលហេតុ។ ចំណែកកូនស្រីប្រធានពន្ធនាគារនេះបាននាំមន្រ្តីផឹកស្រានៅក្នុងម៉ោងធ្វើការងារទៀតផង ។ ដូច្នេះ សូមដកប្រធានគុកខេត្តប៉ៃលិន និងដកអនុប្រធានគុកខេត្តនេះចេញទៅកុំទុកឱ្យនៅទៀតអី។
ចំណែកគណនេយ្យហ្វេសប៊ុកមួយផ្សេងទៀត បានលើកឡើងថា ៖ អាងតែឪពុកជាប្រធានពន្ធ នាគារនាំគ្នាផឹកស៊ីនៅក្នុងបន្ទប់ធ្វើការឪពុកលោក រ័ត្ន ទី ប្រធានពន្ធនាគារ និងលោក ហេង ចាន់ដារ៉ា អនុប្រធានពន្ធនាគារកំពុងតែល្បីខ្លាំងណាស់។
បើតាមលោក ឯល ប៉ែត អតីតមន្រ្តីពន្ធនាគារខេត្តប៉ៃលិនដែលរស់នៅក្នុងភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានបង្ហើបឱ្យដឹងដែរថា ៖ លោកត្រូវបានគេចាប់ដាក់គុកកាលពីប៉ុន្មានឆ្នាំមុន ហើយក្រោយមកត្រូវបានគេដកតំណែង ក្លាយជាប្រជាពលរដ្ឋសាមញ្ញដោយសារសង្ស័យលោក ហេង ចាន់ដារ៉ា ជាអ្នកដាក់ថ្នាំញៀននៅនឹងអ៊ែរម៉ូតូធ្វើការរបស់ខ្លួនទើបពេលឆែកឆេរសូម្បីតែលោកព្រះរាជអាជ្ញា និងនគរបាលផ្សេងៗទៀត គេរកមិនឃើញលុះលោក ហេង ចាន់ដារ៉ា លូកថ្នាំញៀនទាញចេញពីអ៊ែរម៉ូតូទើបគេចោទលោកពីបទជួញដូរគ្រឿងញៀនតែម្តង ដូច្នេះមានតែលោក ហេង ចាន់ដារ៉ា នេះឯងជាអ្នកធ្វើបាបលោកឱ្យអស់តួនាទីការងារក្លាយជាវេទនាបែបនេះ។ លោកបន្តទៀតថា ៖ ពិតជាអយុត្តិធម៌សម្រាប់លោកខ្លាំងណាស់ដែលបច្ចុប្បន្ននេះគ្មានអ្វីធ្វើក្រៅពីកម្មករគេ ដើរស៊ីឈ្នួលដកដំឡូងមី បេះផ្លែ ស្វាយឱ្យគេ ដើម្បីរកថវិកាផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារនោះទេ ខណ:ដែលលោកគឺជាមនុស្សស្មោះត្រង់ មិនហ៊ានប្រព្រឹត្តអាក្រក់អ្វីសូម្បីតែបន្តិច តែចុងក្រោយទទួលរងភាពឈឺចាប់បែបនេះទៅវិញ។
ចំណែកប្រជាពលរដ្ឋដែលមានបងប្អូន កូនចៅ ជាប់ពន្ធនាគារខេត្តប៉ៃលិនមួយចំនួនបាននិយាយបង្ហើបទាំងការភ័យព្រួយឱ្យភ្នាក់ងារយើងដឹងថា ៖ កូនរបស់គាត់ញៀនថ្នាំ ហើយក៏ប្តឹងឱ្យនគរបាលចាប់យកទៅដាក់ពន្ធនាគារ ដើម្បីបន្សាបថ្នាំញៀន ប៉ុន្តែថ្មីៗនេះកូនរបស់គាត់បានត្អូញត្អែរប្រាប់ថា មានអ្នកទោសដូចគ្នាបានវាយដំទាត់ធាក់ទៅលើរាងកាយរបស់ខ្លួនបណ្តាលឱ្យឈឺចុកចាប់ហើយថែមទាំងមានការគំរាមកំហែងទៀតផង។ ទោះបីជាយ៉ាងណា គាត់មិនហ៊ាននិយាយអ្វីនោះទេ ព្រោះខ្លាចក្រែងគេធ្វើបាបកូនរបស់ខ្លួនកាន់តែខ្លាំងឡើង អាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ ភ្នាក់ងារយើង បានទូរស័ព្ទទៅលោក រ័ត្ន ទី ប្រធានពន្ធនាគារខេត្តប៉ៃលិនដែលទើបនឹងឡើងកាន់តំណែងថ្មីៗ ជាច្រើនលើកច្រើនសារ តែអត់មានអ្នកទទួល ខណ:ភ្នាក់ងារយើងក៏មិនអាចទាក់ទងទៅលោក ហេង ចាន់ដារ៉ា អនុប្រធានពន្ធនាគារខាងលើបានដែរ៕