ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាប
នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាប និងតម្រង់ទិសការងារអំពីគោលការណ៍នៃការធ្វើកំណែទម្រង់ទៅលើរដ្ឋបាលសាធារណៈដែលមានធាតុបីសំខាន់គឺ៖
ទី១.ការពង្រឹងប្រសិទ្ធភាពស្ថាប័ន និងគុណភាពការងារ
ទី២.គឺប្រព័ន្ធជ្រើសរើសមន្រ្ដី
ទី៣.ប្រព័ន្ធលើកទឹកចិត្ដ
ដោយពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក សុខ ថុល អភិបាលរងខេត្តរួមនឹងប្រតិភូអមដំណើរ ថ្នាក់ដឹកនាំមន្ទីរ ថ្នាក់ដឹកនាំការិយាល័យរួមនឹងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តជាច្រើនរូប។
លោក សេង ផល្លី ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាបស្ដីទីបានបង្ហាញថា ក្នុងនាមជាសេនាធិការឱ្យក្រសួងព័ត៌មាន និងរដ្ឋបាលខេត្តសៀមរាប មន្ទីរព័ត៌មានខេត្តបានខិតខំបំពេញតួនាទីភារកិច្ចយ៉ាងសកម្មពិសេសការងារផ្សព្វផ្សាយពីសមិទ្ធផលនានារបស់រដ្ឋបាលខេត្តដែលសម្រេចបានកន្លងមក និងការងារផ្សព្វផ្សាយជាច្រើនទៀត។ ក្នុងនោះខេត្តសៀមរាបជាគោលដៅរៀបចំព្រឹត្តិការណ៍ និងកម្មវិធីធំៗជាច្រើនបន្ទាប់ពីរាជធានីភ្នំពេញដូច្នេះវិស័យព័ត៌មានមានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញផ្សព្វផ្សាយពីព្រឹត្តិការណ៍ និងកម្មវិធីទាំងនោះទៅកាន់ថ្នាក់ដឹកនាំ និងសាធារណជនទូទៅបានដឹងប្រកបដោយព័ត៌មានច្បាស់ការ និងត្រឹមត្រូវផងដែរ។ ក្នុងនោះដែរ ការងារព័ត៌មាន និងសាធារណមតិក៏ជាការងារអាទិភាពមួយផងដែរសម្រាប់គ្រប់គ្រងសតិអារម្មណ៍ប្រជាពលរដ្ឋក្នុងបរិបទនៃការរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មានដែលមន្ទីរក៏កំពុងបង្កើនការយកចិត្តទុកដាក់ខ្ពស់បំពេញភារកិច្ចផ្សព្វផ្សាយ បំភ្លឺ និងការឆ្លើយតបបានទាន់ពេលវេលា។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយបានកំណត់មូលធនមនុស្សជាអាទិភាពសំខាន់។ ជាមួយគ្នានេះក្រសួងនានាបានធ្វើវិភាជទៅលើមុខងារ និងធនធានមនុស្សហើយមូលដ្ឋាននៃការជ្រើសរើសមន្រ្ដីឱ្យកាន់ការងារ តួនាទី តំណែងក្នុងក្របខណ្ឌរដ្ឋគឺជាធនធានមនុស្សប្រកបដោយគុណាធិបតេយ្យសំដៅទៅលើគុណភាព សមត្ថភាព ចំណេះដឹង ទេពកោសល្យ ស្នាដៃគួបផ្សំជាមួយសីលធម៌ គុណធម៌ សុជីវធម៌ ក្នុងនាមជាមន្រ្ដីរាជការ។
ឯកឧត្តម នេត្រ ភក្ត្រា បន្តថា ក្រសួងព័ត៌មានបានរៀបចំផែនការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យព័ត៌មាននិងសោតទស្សន៍របស់ខ្លួនដែលត្រូវធ្វើការបណ្តុះបណ្តាលលើជំនាញព័ត៌មាន ជំនាញសោតទស្សន៍ និងពង្រឹងទៅលើមនសិកាវិជ្ជាជីវៈជាមួយគ្នានេះក៏ផ្តល់ការលើកទឹកចិត្តជ្រើសរើសធនធានមនុស្សដែលមានសមត្ថភាព និងឆន្ទៈការងារ។ ទន្ទឹមនេះក្រសួងក៏អនុវត្តតាមជាប្រចាំនូវអភិក្រមទាំង៥ ដែលសម្ដេចតេជោបានដាក់ចុះគឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ដែលនេះគឺជាចំណុចច្បាស់លាស់ និងម៉ឺងម៉ាត់នៃវិធានការរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងសមត្ថភាព គុណភាព ប្រសិទ្ធភាពការងារ និងប្រសិទ្ធភាពស្ថាប័ន។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាបបន្តកិច្ចខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនស្របតាមវិជ្ជាជីវៈ រក្សាសាមគ្គីភាពផ្ទៃក្នុងសហការស្អិតរមួតជាមួយបណ្តាមន្ទីរអង្គភាពនានា និងត្រូវមានភាពសកម្ម បុរេសកម្ម អន្ដរសកម្មលើការងារវិស័យព័ត៌មានក្នុងខេត្ត។ មន្ទីរព័ត៌មានជាសេនាធិការរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្ដលើការងារគ្រប់គ្រងព័ត៌មាននៅក្នុងខេត្ដ ដែលចំណុចត្រូវយកចិត្ដទុកដាក់នោះគឺភាពសកម្ម បុរេសកម្ម អន្ដរសកម្មសំដៅពង្រឹងការងារទប់ស្កាត់ ឆ្លើយតប និងបន្សាបព័ត៌មានក្លែងក្លាយ ព្រមទាំងការងារគ្រប់គ្រងសាធារណមតិព្រោះថាកិច្ចការព័ត៌មាន និងសាធារណមតិជាកិច្ចការងារចាំបាច់ និងសំខាន់ណាស់។ បច្ចុប្បន្ននេះលទ្ធភាពនៃការបញ្ចេញព័ត៌មានក្លែងក្លាយកាន់តែសម្បូរបែបហេតុនេះត្រូវបន្តក្តាប់ឱ្យបានក្នុងករណីមានការចុះផ្សាយណាមួយខុសពីការពិតដើម្បីឈានទៅលុបបំបាត់ និងចូលរួមក្នុងការប្រយុទ្ធប្រឆាំងពាក់ព័ន្ធនឹងព័ត៌មានក្លែងក្លាយ។
ឯកឧត្តមក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលមន្ទីរព័ត៌មានខេត្តសៀមរាបអនុវត្តបានកន្លងមកទោះបីជួបការលំបាកខ្វះខាតក្តីតែបានប្រឹងប្រែងរួមគ្នាជម្នះគ្រប់ការលំបាកដែលបង្ហាញពីការលះបង់គ្រប់បែបយ៉ាងដើម្បីវិស័យព័ត៌មាន និងសោតទស្សន៍ក្នុងខេត្តកាន់តែមានការរីកចម្រើន៕