មហន្តរាយព្រៃឈេីដ៏ធំ​កំពុងកើតមានឡេីង​នៅតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ ខេត្តស្ទឹងត្រែង

(ខេត្ដស្ទឹងត្រែង)៖ រូបភាពអំពីការកាប់បំផ្លាញព្រៃឈើថ្មីៗនេះ​ ស្ថិតនៅតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្ថិតនៅក្នុងភូមិសាស្រ្តភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់​ គ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែង​គឺបានបង្ហាញអំពីមហន្តរាយថ្មីទៀតនៃការកាប់បំផ្លាញព្រៃឈើ។​ ក្រុម​ស្នាដៃ​ក្រុម​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃ​ឈើ​ដែល​អាច​ជាអ្នក​មាន​ខ្នង​បង្អែក​ក្រាស់​ៗ​ និង​ជាបុគ្គល​ដែល​មាន​ឥទ្ធិពល​ទេីប​មិន​មាន​មន្ដ្រី​រូប​ណា​ហ៊ាន​ចាត់​វិធានការ​។

រូបថត​នៃការ​កាប់​ផ្តួលរំលំដេីមឈេីធំ២ជា​ច្រើន​ដេីម​ត្រូវថតបានកាលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ បង្ហាញឱ្យឃើញអំពីគល់ឈើ និងឈើដែលក្រុម​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃ​ឈើ​ ទើបអារផ្ដួលថ្មីៗនៅតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ដែលគេដឹងថា ស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់មន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែង គ្រប់គ្រងដោយលោកស្រេង ជាហេង ជាប្រធាន។

បើតាមប្រភពបានរាយការណ៍ថា សកម្មភាពអារឈើបែបអនាធិបតេយ្យនៅត្រង់ចំណុចភូមិសាស្រ្តភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់​ ខេត្តស្ទឹងត្រែង​ ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ដោយមិនមានការទប់ស្កាត់ពីមន្ត្រីបរិស្ថាននោះឡើយ។ ភាពស្ងៀមស្ងាត់របស់ស្ថាប័នជំនាញទាំងនេះនាំឱ្យមានមន្ទិលសង្ស័យថា អាចមាន​អាថ៌កំបាំង​នៅ​ពី​ក្រោយ​រវាងមន្ត្រីបរិស្ថានប្រចាំការនៅតំបន់នោះជាមួយនឹងក្រុមកាប់ឈើ។ បើតាមប្រភពរាយការណ៍ថា ការកាប់ឈើទាំងនោះមានទំហំធំដែលបង្កឱ្យមានមហន្ដរាយយ៉ាងខ្លាំងដល់ធនធានធម្មជាតិ​ដែល​ជាកត្ដា​ធ្វើ​ឱ្យ​បាត់បង់​លំនឹងផែនដី​ ការ​បម្រែបម្រួល​អាកាសធាតុ​ និង​តុល្យភាព​កាបូន​ជាដេីម។

ប្រភពពីប្រជាពលរដ្ឋបានរិះគន់តៗគ្នា និងអ្នកសារព័ត៌មានកន្លងមកដែលបានផ្សព្វផ្សាយបង្ហាញអត្តសញ្ញាណក្រុមឧក្រិដ្ឋជន​បំផ្លាញ​ព្រៃ​ឈើ​ក៏​ប៉ុន្តែ​មន្ត្រីជំនាញបរិស្ថាន​តែងតែឆ្លើយថាមិនបានដឹង​ដោយសំអាងថា មិនបានឃើញ​ និងមិនបានទៅដល់។

តើហេតុអ្វីបានជាក្រុម​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃ​ឈើ​នោះ​អាចចូលទៅកាប់បំផ្លាញដើមឈើធំៗ នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់បាន? ករណីនេះ សមត្ថកិច្ចជំនាញពាក់ព័ន្ធមានតួនាទីបង្ក្រាបក៏ត្រូវបើកស៊ើបអង្កេត ស្រាវជ្រាវ នូវតម្រុយនេះ​ដេីម្បី​ទប់​ស្កាត់​ និងការពារ ធនធានធម្មជាតិ សត្វព្រៃដែលកំពុងរងនូវការបំផ្លាញបាត់បង់ដោយក្រុមឧក្រិដ្ឋជនដើម្បីរក្សាបាន​ជាឧត្ដម​ប្រយោជន៍ជាតិជាធំ។ 

ក្រោយពីបែកធ្លាយរូបភាពគល់ឈើជាច្រើន និងឈើដែលក្រុមឧក្រិដ្ឋជនអារផ្ដួលរំលំដែលមានមុខកាត់ធំៗ ត្រូវបានគេបង្ហោះនៅតាមបណ្ដាញសង្គមព្រោងព្រាតមកទល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ គេសង្កេតឃើញលោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តបានដឹកនាំក្រុមការងារកម្លាំងចម្រុះចុះត្រួតពិនិត្យទីតាំងការកាត់រលំ អាជ្រៀកឈើនៅចំណុចនិយាមការ 569752-1488530 ស្ថិតក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ភូមិសាស្រ្តភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងដែលគ្រប់គ្រងដោយលោកទូច វិចិត្រ នាយកដែនជម្រកសត្វព្រៃ ព្រៃឡង់ ដើម្បីចាត់វិធានការបង្ក្រាបប៉ុន្តែក្រុមឧក្រិដ្ធជនហាក់ដឹងខ្លួនមុន ឬប្រហែលមានអ្នករាយការណ៍ប្រាប់មុនទើបពួកគេនាំគ្នាបើកគេចចេញមកក្រៅអស់យ៉ាងសុវត្ថិភាពខណៈសមត្ថកិច្ច អាជ្ញាធរជំនាញពាក់ព័ន្ធឱ្យសម្រាកបណ្តោះអាសន្នចៀសវាងបែកការណ៍។

ចំណុចនេះហើយទើបលោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្ត និងក្រុមការងារកម្លាំងចម្រុះចុះមកបានត្រឹមតែត្រួតពិនិត្យមើល និងរាប់គល់ឈើឃើញថា មានចំនួន៥៦គល់ក្នុងនោះគល់ឈើអាររំលំថ្មីមានចំនួន៤៩គល់ និងគល់ឈើអារចាស់មានចំនួន ៧គល់ ជាប្រភេទឈើ ឈើទាល ដែលក្រុមឧក្រិដ្ធជនមិនអាចគាស់យកទៅបានទើបបន្សល់ទុកនៅទីនោះ។

ករណីនេះលោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តថា មន្ត្រីជំនាញកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងបន្តសហការជាមួយអាជ្ញាធរភូមិ-ឃុំស្រាវជ្រាវរកជនដែលបានប្រព្រឹត្តដើម្បីចាត់ការតាមនិតិវិធី។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare