ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងបន្តចុះអន្តរាគមន៍បូមទឹកទាំងយប់ដើម្បីជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ
(ព្រៃវែង)៖ នៅល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងរួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានព្រមទាំងមន្ត្រីជំនាញនៃខេត្តព្រៃវែង និងខេត្តកំពង់ចាមបានអញ្ជើញបន្តចុះអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករពីស្ថានីយ៍បូមទឹកទី១ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពវៃកូ ជំហាន២ ដែលស្ថិតនៅក្នុងឃុំមហាលាភ ស្រុកកោះសុទិន ខេត្តកំពង់ចាម ដើម្បីស្រោចស្រពដំណាំស្រូវរបស់ប្រជាកសិករនៅតាមបណ្តាស្រុកមួយចំនួនដែលកំពុងតែខ្វះខាតទឹកក្នុងការស្រោចស្រពស្រូវរដូវប្រាំងរបស់គាត់នៅក្នុងខេត្តព្រៃវែង។
បើយោងតាមផេកផ្លូវការរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែងបានបង្ហោះថា ការជួយសង្រ្គោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋដែលកំពុងប្រឈមនឹងបញ្ហាខ្វះខាតទឹកចំនួន ៨,៨៩១ហិចតាក្នុងស្រុកចំនួន៣ គឺស្រុកស្វាយអន្ទរមានចំនួន ៤ឃុំ ស្រុកកំចាយមារ មានចំនួន ៤ឃុំ និងស្រុកមេសាងមានចំនួន ៨ឃុំក្នុងខេត្តព្រៃវែង។ សូមបញ្ជាក់ផងដែរថាការបន្តចុះអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករនេះ ឯកឧត្តម អភិបាលខេត្តបានចាប់ផ្ដើមបូមទឹកនេះតាំងពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ និងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ និងរហូតដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ដែលឯកឧត្ដម អភិបាលខេត្តនៅតែបន្តបូមទឹកជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋជាបន្តទៀតធ្វើយ៉ាងណាដើម្បីជួយសង្គ្រោះស្រូវប្រាំងរបស់គាត់ឱ្យចប់ចុងចប់ដើម និងទទួលបាននូវទិន្នផលខ្ពស់នោះផងដែរ។
ទាំងអស់នេះបានបង្ហាញឱ្យឃើញថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជាពិសេសឯកឧត្តមអភិបាលខេត្តតែងតែគិតគូអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលាគ្រប់កាលទេសៈដោយមិនបានទុកបងប្អូនប្រជាពលរដ្ឋណាម្នាក់ចោលនោះទេ៕