
សមាគមវិនិយោគិនលើកកម្ពស់ការអភិវឌ្ឍន៍កម្ពុជា-អាស៊ានរៀបចំវេទិកាជំរុញការវិនិយោគខេត្តព្រះសីហនុ នៅទីក្រុងហ័ងសានដើម្បីស្វែងរកដៃគូវិនិយោគបង្កើនឱកាសការងារជូនពលរដ្ឋកម្ពុជា
(ហ័ងសាន-ចិន)៖ សមាគមវិនិយោគិនលើកកម្ពស់ការអភិវឌ្ឍន៍កម្ពុជា-អាស៊ានដែលមានលោក ចាន់ រតនា ជាប្រធានរួមជាមួយថ្នាក់ដឹកនាំ និងសមាជិកសមាគមកម្ពុជា និងចិន នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំវេទិកាជំរុញការវិនិយោគខេត្តព្រះសីហនុ នៅទីក្រុងហ័ងសាន ខេត្តអានហ៊ួយ សាធារណរដ្ឋប្រជាមានិតចិន។
វេទិកាជំរុញការវិនិយោគខេត្តព្រះសីហនុ នៅខេត្តអានហ៊ួយគឺមានគោលបំណងដើម្បីពង្រឹង និងពង្រីកការទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តព្រះសីហនុ និងខេត្តអានហ៊ួយព្រមទាំងស្វែងរកដៃគូវិនិយោគលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ អចលនទ្រព្យ ការដឹកជញ្ជូន និងវិស័យមួយចំនួនទៀតដែលមានសក្តានុពល។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុដោយមានការចូលរួមពីលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ លេខាធិការដ្ឋានក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្របសម្រួលការរៀបចំផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ សមាជិកសមាគមអភិវឌ្ឍន៍សហគ្រិនកម្ពុជា-អាស៊ាន ក្នុងប្រទេសចិន អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អគ្គនាយក នាយកក្រុមហ៊ុន អ្នកគ្រប់គ្រងរោងចក្រ សហគ្រាស និងសមាជិក សមាជិកាទាំងអស់ប្រមាណជាង២០០នាក់ដែលមាន ចំនួន ៦៥ក្រុមហ៊ុន នៅទីក្រុងហ័ងសាន ខេត្តអានហ៊ួយ សាធារណរដ្ឋប្រជាមានិតចិន។
ថ្លែងបើកវេទិកានេះ លោកអភិបាលខេត្តបានបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីការបន្តពូនជ្រុំលើកកម្ពស់ទំនាក់ទំនងមិត្តភាពជា «មិត្តដែកថែប និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» របស់ប្រទេសទាំងពីរ កម្ពុជា-ចិន ដែលជាលទ្ធផលនៃភាពស៊ីសង្វាក់គ្នារវាងយុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្រ្តបញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង។
ចំពោះកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពជាមួយប្រទេសចិន ខេត្តព្រះសីហនុបានបង្កើតសម្ព័ន្ធមេត្រីភាពខេត្ត-ក្រុង បងប្អូនជាមួយបណ្តាខេត្ត-ក្រុងនៃប្រទេសចិនចំនួន២០ រួមទាំងខេត្តអានហ៊ួយដែលទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ កន្លងមកនេះ។
ក្នុងឱកាសនោះ លោកអភិបាលខេត្តព្រះសីហនុបានស្វាគមន៍បានចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់វិនិយោគិនទាំងអស់ដែលមានបំណងជ្រើសរើសខេត្តព្រះសីហនុជាគោលដៅវិនិយោគព្រមទាំងអញ្ជើញធុរជន និងវិនិយោគិន ធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅខេត្តព្រះសីហនុ។
លោកអភិបាលខេត្តបានគូសបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ សូមធានាជូនអ្នកវិនិយោគិនទាំងអស់នូវការផ្តល់លើកទឹកចិត្តតាមរយៈកម្មវិធី ជំរុញការវិនិយោគពិសេសព្រមទាំងផ្តល់សេវាកម្មឆាប់រហ័សប្រកបដោយទំនុកចិត្ត តម្លាភាព ប្រសិទ្ធភាពខ្ពស់ព្រមទាំងការសម្របសម្រួល ការលើកទឹកចិត្ត និងធានាសន្តិសុខសុវត្ថិភាពដល់អ្នកវិនិយោគគ្រប់រូប និងមានសុទិដ្ឋិនិយមតាមរយៈវេទិកានេះ អ្នកវិនិយោគនឹងទទួលបានព័ត៌មានពិត និងច្បាស់លាស់ដើម្បីធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការវិនិយោគនៅខេត្តព្រះសីហនុ។
បន្ថែមពីលើនេះ លោកអភិបាលខេត្តព្រះសីហនុក៏បានលើកឡើងអំពីព័ត៌មានមិនពិតពីខេត្តព្រះសីហនុដើម្បីវាយប្រហារ អុចអាល ញុះញង់ ឱ្យអ្នកវិនិយោគមានការភ័យខ្លាច។ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមសូមបញ្ជាក់ថា ព័ត៌មានទាំងនោះគឺជាព័ត៌មានមិនពិតប្រាកដទេ ឯកឧត្តមធានាអះអាងការពារសន្តិសុខ សុវត្ថិភាពជូនដល់អ្នកវិនិយោគឱ្យបានល្អប្រសើរព្រោះថាបេសកកម្មរបស់រដ្ឋបាលខេត្តគឺ៖ «សុខសុវត្ថិភាពរបស់អ្នកវិនិយោគគឺជាកាតព្វកិច្ចរបស់យើងខ្ញុំ» ហើយ «ភាពជោគជ័យលើអាជីវកម្មរបស់អ្នកវិនិយោគគឺជាភាពរីករាយរបស់យើងខ្ញុំ»។
ក្នុងនោះផងដែរប្រធានសមាគមវិនិយោគិនលើកកម្ពស់ការអភិវឌ្ឍន៍កម្ពុជា-អាស៊ានក៏បានលើកបង្ហាញអំពីលទ្ធភាពសមាជិករបស់សមាគមដែលបានចូលរួមចំណែកក្នុងការអភិឌ្ឍន៍ខេត្តព្រះសីហនុ ក្នុងនោះមានជាអាទ៍ សួនឧស្សហកម្ម ជៀន ហ័រ ដែលមានទំហំ ១៣០ហិកតា ដែលបាននឹងកំពុងអភិវឌ្ឍគម្រោងទី១ លើផ្ទៃដី ៥០ហិកតា ក្នុងស្រុកព្រៃនប់សម្រាប់បំពេញវិស័យឧស្សាហកម្មពហុបំណង។ ចំពោះវិស័យទេសចរណ៍ សមាគមក៏បានបង្ហាញនូវទីតាំងផ្សេងៗពីគ្នាដូចជា ទីតាំងអភិវឌ្ឍន៍អេកូទេសចរណ៍ វប្បធម៌ធម្មជាតិ ប្រាសាទព្រលឹងបន្ទាយទ័ព និងទីតាំងអេកូទេសចរណ៍ ឆ្នេរសមុទ្រ ធម្មជាតិព្រៃកោងកាង ។ល។
ក្នុងវេទិកានេះក៏មានបទបង្ហាញរបស់វាគ្មិនពាក់ព័ន្ធនឹងសក្តានុពល និងឱកាសវិនិយោគនៅខេត្តព្រះសីហនុព្រមទាំងផ្តល់ពេលវេលាសម្រាប់កម្មវិធីសំណួរ ចម្លើយ ដោយបានធ្វើការបកស្រាយយ៉ាងក្បោះក្បាយជូនវិនិយោគិន និងធុរជនផងដែរ៕