កំពុងតែដេកលង់លក់ស្រួលស្រាប់តែបាក់ច្រាំងទន្លេតែសំណាងល្អដែលមិនមានគ្រោះថ្នាក់ដល់អាយុជីវិត

(ខេត្តព្រៃវែង)៖ បាក់ច្រាំងទន្លេតូចកណ្ដាលយប់ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ២គ្រួសារតែសំណាងល្អពុំបានបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់មនុស្ស តែផ្ទះបាយចំនួន២ និងបន្ទប់ទឹកចំនួន២ បានរលំបាក់ចូលទៅក្នុងទឹក ដោយសារតែការបាក់ច្រាំងទន្លេ នៅវេលាយប់កណ្ដាលអាធ្រាត្រក្នុងពេលដែលមនុស្សម្នាកំពុងដេកលង់លក់។

ហេតុការណ៍នេះបានកើតឡើងការពារវេលាម៉ោងមួយយប់ថ្ងៃទី១ ឈានចូលព្រឹកថ្ងៃទី២ មិថុនា ត្រង់ចំណុចក្បែរវត្តព្រែករាំងស្ថិតក្នុងភូមិព្រែករាំងឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង។

សមត្ថកិច្ចបានឱ្យដឹងថា គ្រោះធម្មជាតិនេះបានធ្វើឱ្យបាក់ស្រុតដីច្រាំងទន្លេអស់ប្រវែង ៣០ម៉ែត្រ និងជម្រៅ ៨ម៉ែត្រ ប៉ះពាល់ដល់ផ្ទះបាយប្រជាពលរដ្ឋចំនួន២ និងបន្ទប់ទឹកចំនួន២ ព្រមទាំងលិចបាត់ទូក១គ្រឿង និងម៉ាស៊ីន ១គ្រឿងផងដែរ។

ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគ្រោះបាក់ច្រាំងទន្លេនេះមានចំនួន ៣គ្រួសារ ទី១ឈ្មោះ សាន ធា ភេទប្រុស អាយុ ៥០ឆ្នាំ ខូចខាតផ្ទះ បាយ១ បន្ទប់ទឹក១ ទំហំ ៥ x ៨m។

ទី២. ឈ្មោះ ឌី ចេក ភេទប្រុស អាយុ ៥៣ឆ្នាំ ខូចខាតបន្ទប់ទឹក១ និងផ្ទះបាយ១ ទំហំ ៦ x ៨m ។

ទី៣. ឈ្មោះ សួន សេត ភេទប្រុស អាយុ ២៩ ឆ្នាំ លិចបាត់ទូកជ័រ១ និងម៉ាស៊ីន១គ្រឿង។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានពាក់ព័ន្ធនឹងហេតុការណ៍បាក់ច្រាំងទន្លេធ្វើឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋភ្លាម  អាជ្ញាធរឃុំស្រុកព្រមទាំងសមត្ថកិច្ចក៏បានចុះទៅពិនិត្យ និងជួយអន្តរាគមន៍ភ្លាមៗ ហើយខាងអនុសាខាកាកបាទក្រហមស្រុកពាមរក៍ក៏បាននាំយកជំនួយមនុស្សធម៌ដែលមានទាំងសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាចែកជូនដល់ជនរងគ្រោះទាំង៣គ្រួសារផងដែរ។

ចំណែកប្រជាពលរដ្ឋដែលរងគ្រោះទាំង៣គ្រួសារបានបញ្ជាក់ថា គ្រោះបាក់ច្រាំងទន្លេលើកនេះធ្វើឱ្យពួកគាត់រងការខូចខាតទ្រព្យសម្បត្តិអស់ច្រើនប៉ុន្តែអ្វីដែលធ្វើឱ្យពួកគាត់កាន់តែព្រួយបារម្ភទៀតនោះគឺរដូវទឹកជំនន់ដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខ ពួកគាត់ព្រួយបារម្ភខ្លាចផ្ទះសម្បែងរបស់ពួកគាត់អាចនឹងមានការបាក់ស្រុតបន្តទៀតហើយអាជ្ញាធរបានណែនាំឱ្យពួកគាត់រុះរើផ្លាស់ប្ដូរទីលំនៅដែរប៉ុន្តែពួកគាត់គ្មានលទ្ធភាពគឺគ្មានដីកន្លែងផ្សេងសម្រាប់សង់លំនៅដ្ឋានថ្មីឡើយ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare