
ទីតាំងផលិត ចែកចាយ និងផ្សាយផ្ទាល់តាមវេបសាយនូវវីដេអូអាសអាភាសមួយកន្លែងត្រូវបានអាវុធហត្ថភ្នំពេញបង្ក្រាប និងឃាត់ខ្លួនបានមនុស្ស១២នាក់
នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ១២នាក់ទៅតុលាការពាក់ព័ន្ធករណីផលិត ចែកចាយ និងផ្សាយផ្ទាល់តាមវេបសាយនូវវីដេអូអាសអាភាស ប្រព្រឹត្តនៅ ផ្ទះល្វែងមួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៤២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ករណីខាងលើនេះត្រូវបានអាវុធហត្ថរាជធានីភ្នំពេញធ្វើការឆ្មក់បង្ក្រាប កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញក្រោមការសម្របសម្រួលពីលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយឃាត់ខ្លួនជាក់ស្ដែងបានជនសង្ស័យសរុបចំនួន ១២នាក់ ក្នុងនោះមានជនជាតិចិនចំនួន ០៦នាក់, ជនជាតិខ្មែរចំនួន ០៥នាក់ និងជនជាតិម៉ាឡេស៊ីចំនួន ០១នាក់ ព្រមទាំងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួនរួមមាន កុំព្យូទ័រ លិង្គ និងយោនីសិប្បនិមិត្ត ឧបករណ៍សិច ស្រោមអនាម័យ របាំងមុខទុកថតរឿងសិចរួមនឹងសម្ភារៈជាច្រើនទៀតផងដែរ៕