
ចលនាយុវជនចីរភាពបរិស្ថានចូលរួមប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក
(ភ្នំពេញ)៖ ដេីម្បីចូលរួមអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក” យុវជនចីរភាពបរិស្ថាន-ភាពស្អាត នៃអង្គការចីរភាពបរិស្ថានកម្ពុជាដឹកនាំដោយលោកបណ្ឌិត ហោ គន្ធា និងសហការី ព្រមទាំងមន្ត្រីមន្ទីរបរិស្ថាន រាជធានីភ្នំពេញបានចូលរួមជាចលនាសម្អាត និងប្រមូលសំរាមសំណល់ប្លាស្ទិកស្ថិតនៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥។
ចលនាសម្អាត ប្រមូល និងវេចខ្ចប់កាកសំណល់ប្លាស្ទិកតាមដងផ្លូវនាឱកាសនេះជាការចូលរួមចំណែកជាមួយក្រសួងបរិស្ថានដេីម្បីជំរុញភាពស្អាតនៅកម្ពុជាដែលជាជ្រុងមួយនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
យុជនចីរភាពបរិស្ថាន-ភាពស្អាតនៃអង្គការចីរភាពបរិស្ថានកម្ពុជាជាក្រុមយុវជនស្ម័គ្រចិត្ត ស្ម័គ្រចូលរួមចលនាសម្អាតសំណល់ប្លាស្ទិកតាមដងផ្លូវ ក្នុងបុព្វហេតុបរិស្ថានកម្ពុជាស្អាតដូចទៅនឹងយុទ្ធនាការ “កម្ពុជាស្អាត ខែ្មរធ្វើបាន”។
អង្គការចីរភាពបរិស្ថានកម្ពុជានឹងប្ដេជ្ញាចូលរួមគ្រប់សកម្មភាពគ្រប់យុទ្ធនាការ ដែលបានដាក់ចេញដោយក្រសួងបរិស្ថាន។