
សភាពាណិជ្ជកម្មមណ្ឌលកំពង់ចាមបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្ម អាណត្តិទី១ លើកទី១ ឆ្នាំ២០២៥
(កំពង់ចាម)៖ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្ម អាណត្តិទី១ លើកទី១ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមឧកញ៉ា ទួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងលោក ឡោ ចាន់លី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាមដែលពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ នៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម។
បើតាមការបញ្ជាក់របស់ លោក ឡោ ចាន់លី អភិបាលរងខេត្តកំពង់ចាម បានឱ្យដឹងថា ខេត្តកំពង់ចាមត្រូវការអ្នកវិនិយោគគិនជាច្រើនក្រុមហ៊ុន ដើម្បីបង្កើនសេដ្ឋកិច្ចក្នុងស្រុកឱ្យមានកំណើនខ្ពស់ បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋរស់នៅលើទឹកដីខេត្តកំពង់ចាមឱ្យមានជីវភាពធូរធារ។
លោកអភិបាលរងខេត្តបន្តថា សម្រាប់អ្នកចង់មកវិនិយោគក្នុងកំពង់ចាម រដ្ឋបាលខេត្តកំពង់ចាមបានត្រៀមលក្ខណៈជាស្រេចទៅលើកម្លាំងពលកម្ម នៅគ្រប់កន្លែងក្នុងភូមិសាស្រ្តខេត្តកំពង់ចាមចំពោះអាជីវកម្មក្រោម៥លានដុល្លារ រដ្ឋបាលខេត្តដោយមានការអនុញ្ញាតពីរាជរដ្ឋបាលកម្ពុជាមានសិទ្ធផ្ដល់អាជ្ញាបណ្ណ តម្លៃស្របទៅតាមច្បាប់កំណត់គ្មានការយកសេវាទឹកតែនោះឡើយ។ ដូច្នោះសូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនធំៗ ទាំងក្នុងប្រទេស និងក្រៅប្រទេស សូមមកបណ្ដាក់ទុននិវិយោគក្នុងខេត្តកំពង់ចាមឱ្យបានច្រើន ។
ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងថា សភាពាណិជ្ជកម្មគឺជាគ្រឹះស្ថានសាធារណៈនៅក្រោមអាណាព្យាបាលនៃក្រសួងពាណិជ្ជកម្មដែលធ្វើសកម្មភាពដើម្បីជាផលប្រយោជន៍ខាងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាក្នុងមណ្ឌលរបស់ខ្លួន ។
នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការក៏បានជំរុញប្រធានសភាពាណិជ្ជកម្ម អ្នកតំណាងសភាពាណិជ្ជកម្មជួយស្វែងរក អ្នកវិនិយោគិនមានធនធានច្រើន ស្វែងរកដៃគូសហការក្នុងស្រុកដែលមានសក្ដានុពលដើម្បីធ្វើការវិនិយោគ ក្នុងខេត្តកំពង់ចាម។ ឯកឧត្តមបន្តថា ក្រសួងពាណិជ្ជកម្មនឹងបន្តសហការជាមួយគ្រប់ភាគីដើម្បីបន្តគាំទ្រ និងជួយដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលធុរជន និងវិនិយោគិនក្នុងស្រុក និងបរទេសបាននឹងកំពុងជួបប្រទះក្នុងការធ្វើវិនិយោគ និងពាណិជ្ជកម្ម៕