រដ្ឋបាលខេត្តកំពង់ចាមប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា ២០២៥

(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាមក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នេះបានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៦ នៃទិវាកុមារអន្តរជាតិ ១មិថុនា ២០២៥។

ស្ថិតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោករួមទាំងព្រះរាជាណាចក្រកម្ពុជាតែងតែប្រារព្ធទិវាកុមារអន្តរជាតិ ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះកុមារស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អនុសញ្ញាស្ដីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ អនុសញ្ញារបស់អង្គការសហប្រជាជាតិខាងការងារ និងលិខិតបទដ្ឋានគតិយុត្តជាតិ និងលិខិតូបករណ៍អន្តរជាតិពាក់ព័ន្ធនឹងសិទ្ធិកុមារផ្សេងៗទៀត។

ឯកឧត្តមអភិបាលខេត្តបានបន្តថា មនុស្សជាតិបានចងចាំនូវព្រឹត្តិការណ៍ នៃវិនាសសកម្មដែលពួកហ្វាសស៊ីសអីត្លែបានកាប់សម្លាប់ស្ត្រី និងកុមារនៅភូមិលីឌីស៊ែ ប្រទេសឆេក និងភូមិអូរាឌូ ប្រទេសបារាំងក្នុងអំឡុងឆ្នាំ ១៩៤២ ដល់១៩៤៥ នៃសង្គ្រាមលោកលើកទី២ ហើយជាមួយនឹងការចងចាំនេះ មនុស្សបានរួមគ្នាទប់ស្កាត់អំពើហិង្សាដើម្បីថែរក្សាសន្តិភាពពិភពលោក និងជំរុញការអនុវត្តសិទ្ធិកុមារនៅគ្រប់ប្រទេស។

ដោយឡែកបញ្ហាពលកម្មកុមារជាបាតុភាពមួយដែលកើតមានឡើងក្នុងប្រទេសជាច្រើនលើពិភពលោកក្នុងទម្រង់ធ្ងន់ធ្ងរដូចជា ទាសករកុមារ ការជួញដូរកុមារ ពេស្យាចារកុមារ ការប្រើប្រាស់កុមារ ក្នុងជម្លោះប្រដាប់អាវុធ ឬក្នុងស្ថានភាពងាយរងគ្រោះ និងប្រើប្រាស់កុមារឱ្យបម្រើការងារតាមផ្ទះដោយផ្តល់ប្រាក់ឈ្នួល ឬពុំបានផ្ដល់ប្រាក់ឈ្នួលដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិកុមារ។

អាស្រ័យដោយបញ្ហាពលកម្មកុមារគឺជាបាតុភាពធ្ងន់ធ្ងរបែបនេះ អង្គការពលកម្មអន្តរជាតិបានបង្កើតអនុសញ្ញាលេខ ១៨២ ដើម្បីធ្វើការហាមប្រាម និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារដែលត្រូវបានប្រទេសនានាលើពិភពលោកគាំទ្រយ៉ាងពេញទំហឹង។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare