
ថវិកាចំនួន ២៧១,១៤០,០០រៀល ត្រូវបានឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញ៉ូង ចរិយា អ៊ុន ចាន់ដា បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជាដើម្បីគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលផ្ដួចផ្ដើម និងដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត
(ភ្នំពេញ)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញ៉ូង ចរិយា អ៊ុន ចាន់ដា ថវិកាចំនួន ២៧១,១៤០,០០រៀល បានបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជាដើម្បីចូលរួមគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជាដែលផ្ដួចផ្ដើម និងដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។
មហាជនទូទៅបានមើលឃើញថា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញ៉ូង ចរិយា អ៊ុន ចាន់ដា តែងតែចូលរួមជានិច្ចជួយបរិច្ចាគដល់កម្មវិធីមនុស្សធម៌ជាច្រើនដល់សង្គមកម្ពុជា និងជួយឧបត្ថម្ភថវិកាយ៉ាងច្រើនជួយដល់កម្មវិធីផ្សេងៗតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល។
ជាមួយគ្នានេះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមអរគុណពុកម៉ែ បងប្អូន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋខេត្តកំពង់ចាមបានចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជាសូមជូនពរពុកម៉ែ បងប្អូនទាំងអស់ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រេីនគ្រប់ក្រុមគ្រួសារ។
សូមជម្រាបថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលមានរយៈពេលពេញ ១ខែមិថុនានេះជាយុទ្ធនាការកៀរគរថវិកាបរិច្ចាគប្រចាំឆ្នាំមួយដ៏ធំ និងសំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា និងមានគោលបំណងរួមគ្នាជាធ្លុងមួយក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការ របស់មន្ទីរពេទ្យគន្ធបុប្ផាស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជាដែលបានលើកឡើងថា «ការរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ជាភារកិច្ចរបស់ពលរដ្ឋកម្ពុជាគ្រប់រូប»។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមបន្តអំពាវនាវ និងលើកទឹកចិត្តសប្បុរសជនដែលមានបំណងចូលរួមនាំភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា សូមជួយផ្សព្វផ្សាយបន្តអំពីយុទ្ធនាការនេះតាមបណ្ដាញសង្គមរៀងៗខ្លួន និងចូលរួមបរិច្ចាគតាមរយៈការស្កែន QR Code ឬលេខគណនីធនាគារដូចមានក្នុងរូបខាងក្រោម៕