
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានអំពាវនាវឱ្យឪពុកម្តាយលើកទឹកចិត្ត និងជំរុញកូនរៀនឱ្យចប់ កុំបោះបង់កណ្តាលផ្លូវ និងរៀនឱ្យចេះដើម្បីអនាគតខ្លួនឯង គ្រួសារក៏ដូចជាក្លាយជាគ្រឹះដ៏រឹងមាំរបស់ជាតិ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះបានអំពាវនាវឱ្យឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ សូមជំរុញ និងលើកទឹកចិត្តកូនរបស់ខ្លួនឱ្យបន្តការសិក្សា កុំបង់បង់កណ្តាលផ្លូវ និងរៀនឱ្យចប់ដើម្បីមានចំណេះដឹងគ្រប់ស្វែងរកឱកាសកាសការងារសម្រាប់អនាគតរបស់ខ្លួន គ្រួសារ និងប្រទេសជាតិ។ ការប្រឹងប្រែងរៀនសូត្រឱ្យមានចំណេះ និងជំនាញមួយពិតប្រាកដ គឺជាគ្រឹះដ៏រឹងមាំនៃធនធានមនុស្សរបស់ជាតិ។
ការជំរុញបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលលោក និងលោក វ៉ាន់ឡុល វ៉ាន់ណា បាវិត ត្លុង ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីភាពសម្ពោធគម្រោងបំពាក់ឧបករណ៍ផ្តល់ចរន្តអគ្គិសនីក្នុងផ្ទះ និងបង្គោលបំភ្លឺផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យដើម្បីលើកកម្ពស់ការទទួលព័ត៌មាន និងចំណេះដឹង។
ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ប្រាប់ពលរដ្ឋក្នុងមូលដ្ឋានស្រុកស្នូលថា លោកនឹងខិតខំធ្វើការជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជាដើម្បីនាំយកគម្រោងដោយអាចមានលទ្ធភាពយកកុំព្យូរទ័របំពាក់នៅតាមសាលារៀនដែលនៅដាច់ស្រយាលពីទីប្រជុំដើម្បីអាចអនុញ្ញាតឱ្យកូនសិស្សានុសិស្សអាចរៀន ស្រាវជ្រាវតាមកុំព្យូទ័រនូវមេរៀនថ្មីៗ ក្នុងការបង្កើននូវចំណេះដឹងរបស់ពួកគាត់ផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានស្នើសុំដល់ឪពុកម្តាយ និងអាណាព្យាបាលយ៉ាងដូច្នេះថា «ខ្ញុំសូមស្នើដល់ អ៊ំ ពូ មីងទាំងអស់សុំឱ្យជំរុញ និងលើកទឹកចិត្តដល់កូនឱ្យបន្តខិតខំរៀនសូត្របើទោះបីជាមានការលំបាកក៏ដោយ កុំឱ្យកូនឈប់រៀន យើងសុខចិត្តលំបាករយៈពេលខ្លីប៉ុន្តែយើងត្រូវឱ្យកូនៗរបស់យើងរៀន មានចំណេះដឹងធ្វើការងារបានប្រាក់ខែគឺយើងមានរយៈពេលវែង»។
ពាក់ព័ន្ធនឹងការគុណតម្លៃនៃការអប់រំនេះដែរត្រូវបានឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ប្រសិនបើឪពុកម្តាយ និងអាណាព្យាបាលដែលជួបការលំបាក់រួចទៅហើយប៉ុន្តែបែរជាមិនប្រឹងប្រែងជំរុញឱ្យកូនរបស់ខ្លួន ខិតខំជម្នះដើម្បីសិក្សាចប់ចុងចប់ដើមនោះទេនឹងធ្វើឱ្យជីវភាពកាន់តែលំបាកនៅក្នុងរយៈពេលវែងជាដើម។
ប្រធានក្រុមការងារក៏បានបង្ហាញក្តីសង្ឃឹមថា តាមរយៈគម្រោងបំពាក់ឧបករណ៍ផ្តល់ចរន្តអគ្គិសនីក្នុងផ្ទះ និងបង្គោលបំភ្លឺផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យនៃកិច្ចសហប្រតិបត្តិការទន្លេមេគ្គ-គង្គាជូនប្រជាពលរដ្ឋនៅភូមិព្រែកក្តី ឃុំស្នូល ស្រុកស្នូលនេះ នឹងផ្តល់ក្តីសង្ឃឹមបន្ថែមដល់សិស្សានុសិស្សដើម្បីមានថាមពលអគ្គិសនីគ្រប់គ្រាន់ពន្លឺមើលមេរៀននៅពេលរាត្រីផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា សូមឱ្យសិស្សានុសិស្សទាំងអស់ព្យាយាមរៀនសូត្រ កុំដើរលេងកម្សាន្តច្រើនជាងការរៀនសូត្រនាំឱ្យសោកស្ដាយនៅពេលអនាគតខណៈដែលក្មួយៗមានឱកាសក្នុងការសិក្សារៀនសូត្រក្រោមម្លប់នៃសន្តិភាព។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្លាំងណាស់ដោយរកអស់គ្រប់មធ្យោបាយដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាមានបន្តភាពរីកចម្រើនរុងរឿងក្លាយជាប្រទេសដែលមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនាចំនួន៥ និងមានអាទិភាពគន្លឹះចំនួន៥ ក្នុងការបន្តអនុវត្តនូវកម្មវិធីកែទម្រង់សំខាន់ៗលើគ្រប់វិស័យក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាជនមានបាវចនាចំនួន៥ គឺកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងមានអាទិភាពគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាជាពិសេសគឺបច្ចេកវិទ្យាឌីជីថលសម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានអំពាវដល់មាតាបិតាទាំងអស់ឱ្យអប់រំដល់កូនៗឱ្យចៀសឆ្ងាយពីគ្រឿងញៀន ក្មេងទំនើង ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីសុខសុវត្ថិភាព និងចូលរួមថែរក្សាសុខភាពឱ្យបានល្អចេះពិសេសត្រូវយកចិត្តទុកដាក់ចំពោះកុមារតូចៗត្រូវរួមគ្នាពង្រឹងការគោពវិន័យ បទបញ្ជាផ្ទៃក្នុង និងការអប់រំសីលធម៌ដើម្បីឱ្យយុវជនជាទំពាំងស្នងឬស្សីបម្រើប្រទេសជាមានការីកចម្រើន៕