ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថានប្រកាសដាក់ឱ្យចូលជាធរមានលើ «ក្រមបរិស្ថាន និងធនធានធម្មជាតិ»

(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នេះតទៅ ក្រសួងបរិស្ថានប្រកាសថា ក្រមបរិស្ថាន និងធនធានធម្មជាតិនឹងបានដាក់ឱ្យអនុវត្ដជាធរមាននៅទូទាំងប្រទេស ក្រមនេះជាច្បាប់ថ្មីមួយស្ដីពីបរិស្ថាន និងធនធានធម្មជាតិ។

បើតាម ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថានបានប្រាប់អង្គភាពសារព័ត៌មានយើងថា ក្រសួងបរិស្ថានដែលដឹកនាំដោយ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រី ក្រសួងបរិស្ថាន បានរៀបចំពិធីប្រកាសក្រមបរិស្ថាន និងធនធានធម្មជាតិនៅរសៀលនេះ និងចូលជាធរមានចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នេះតទៅក្នុងគោលបំណងដើម្បីការពារធនធានធម្មជាតិ និងបរិស្ថានទូទៅ ដែលបានសរសេរអំពីគោលបំណងក្នុងក្រម បរិស្ថាន និងធនធានធម្មជាតិនេះថា «ក្រមនេះកំណត់អំពីវិធានទាំងឡាយដែលត្រូវគោរព និងប្រតិបត្ដិតាមក្នុងការពង្រឹង ធ្វើទំនើបកម្ម ធ្វើឱ្យមាន សង្គមតិភាព និងធ្វើឱ្យប្រសើរឡើងនូវរាល់ការគ្រប់គ្រងលើកិច្ចគាំពារបរិស្ថាន ការអភិរក្ស និងស្ដារឡើងវិញនូវធនធានធម្មជាតិ ជីវៈចម្រុះ មុខងារប្រព័ន្ធអេកូឡូស៊ីដើម្បីការរស់នៅ និងអភិវឌ្ឍប្រទេសប្រកបដោយចីរភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា»។

ឯកឧត្ដម ង៉ូវ បូរីណា បានបញ្ជាក់ថា ក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិនេះគឺត្រូវបានចងក្រង និងបានចែកចេញជាគន្ថី មាតិកា ជំពូក និងមាត្រា។ ក្រមបរិស្ថាន និងធនធានធម្មជាតិនេះមានមាត្រាសរុបចំនួន ៨៦៥ មាត្រា ដែលជាមាត្រាចែងសម្រាប់អនុវត្ដនឹងមានចុះព្រះហស្ថលេខាដោយសម្ដេចនរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងហត្ថលេខារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី កាលពីថ្ងៃព្រហស្បតិ៍ ១២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ដែលត្រូវនឹងថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៣។

សូមបញ្ជាក់ផងដែរថា ក្រមបរិស្ថាន និងធនធានធម្មជាតិត្រូវបានតាក់តែង និងចងក្រង កាលពីឆ្នាំ២០២៣ ក្នុងនីតិកាលទី៦ នៃរដ្ឋសភាកម្ពុជាដែលមានឯកឧត្ដម សាយ សំអាល់ ជារដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងត្រូវបានដាក់ចូលជាធរមានឱ្យអនុវត្ដនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នេះ ក្នុងអាណត្ដិដឹកនាំដោយ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត ជារដ្ឋមន្ដ្រីក្រសួងបរិស្ថានក្នុងនីតិកាលទី៧ នៃរដ្ឋសភាកម្ពុជា។

ទន្ទឹមនេះដែរឯកឧត្តមបានបន្ថែមថា ក្រសួងបរិស្ថានត្រូវកសាងអនុក្រឹត្យ ប្រកាស សេចក្តីជូនដំណឹង ប្រមាណ១៤៧ ដើម្បីបំពេញបន្ថែមលើក្រមនេះផងដែរ ។

ជាចុងក្រោយ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថានបានបញ្ជាក់ដោយសង្កត់ធ្ងន់ថា ក្រមបរិស្ថាន និងធនធានធម្មជាតិ គឺជាត្រីវិស័យដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការតម្រង់ទិស មន្ដ្រីបរិស្ថាន ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមន្ដ្រីរាជការ ប្រជាពលរដ្ឋទូទាំងប្រទេសលើការគាំពារបរិស្ថានកម្ពុជាព្រមទាំងជាគុណប្រយោជន៍ដ៏សំខាន់បំផុតសម្រាប់ប្រជាជនកម្ពុជាដែលរស់នៅតាមសហគមន៍ឱ្យទទួលបាននូវបរិស្ថានល្អស្អាតប្រកបដោយចីរភាព និងនាំកម្ពុជាឆ្ពោះទៅកាន់ភាពបៃតង ៦០% នាឆ្នាំ២០៥០ ខាងមុខជាក់ជាមិនខាន។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare