ស្រាវជ្រាវបំបែកសំណុំរឿងច្របាច់កសម្លាប់សង្សារខ្លួនព្រោះភ្លើងប្រចណ្ឌ ជនដៃដល់ត្រូវបានចាប់ខ្លួននៅខេត្តសៀមរាប

(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤នេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃបានឱ្យដឹងថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវបំបែកសំណុំរឿង ច្របាច់កសម្លាប់សង្សារខ្លួនព្រោះភ្លើងប្រច័ណ្ឌនៅខណ្ឌទួលគោក ជនដៃដល់ចាប់ខ្លួនបាននៅខេត្តសៀមរាប។

សូមជម្រាបថា កាលពីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ មានករណីឃាតកម្មសម្លាប់នៅចំណុចបន្ទប់ជួលគ្មានលេខជាន់ទី១ ទីតាំងលេខ២៣ ផ្លូវលេខ២៨៧ ភូមិ១១ ក្រុម៤១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបង្កដោយបុរសម្នាក់ច្របាច់កសម្លាប់សង្សារខ្លួនឯង។

ក្រោយកើតហេតុ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានដឹកនាំសហការស្រាវជ្រាវជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តសៀមរាបក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំណត់បានទីតាំងលាក់ខ្លួន និងឈានដល់ការចាប់ខ្លួន នៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចមុខវិទ្យាល័យអង្គរ ក្រុងសៀមរាប ខេត្តសៀមរាប។

ជនសង្ស័យឈ្មោះ ចាន់ ដាលីន អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកភោជនីយ៍ដ្ឋាន ស៊ីក នេតឈ័រ កូហ្វីលអេនផាប ទីលំនៅស្នាក់នៅបន្ទប់កើតហេតុខាងលើ និងទីលំនៅកំណើតនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ដោយឡែក សពជនរងគ្រោះឈ្មោះ សួន មករា ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកភោជនីយ៍ដ្ឋាន ស៊ីក នេតឈ័រ កូហ្វីលអេនផាប ទីលំនៅស្នាក់នៅបន្ទប់កើតហេតុខាងលើ។

ជនសង្ស័យបានសារភាពថា មូលហេតុដែលខ្លួនច្របាច់កសម្លាប់នារីដែលជាសង្សារ ព្រោះតែរឿងប្រចណ្ឌ។ ឃាត់ខ្លួនកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានប្រគល់ជនដៃដល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធី៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare