
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ការបញ្ចូលសមាជិក សមាជិកាថ្មី គឺជាកម្លាំងសាមគ្គីយ៉ាងរឹងមាំសម្រាប់គណបក្សប្រជាជនកម្ពុជាដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ បានថ្លែងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានរំដោះ និងជួយសង្គ្រោះជីវិតប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយក៏ជាគណបក្សដែលមានធនធានមនុស្សគ្រប់គ្រាន់ មានរចនាសម្ព័ន្ធរឹងមាំ គ្រប់លំដាប់ថ្នាក់ ជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សក្នុងការបង្កើត និងថែរក្សាសន្តិភាពធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងដូចនេះ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជា ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ចំនួន ៤២៤៦នាក់ មកពី ៥០៣ភូមិ ក្នុងឃុំចំនួន៤៩ ស្រុកចំនួន៣ គឺស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំនៃខេត្តត្បូងឃ្មុំ ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកាជាច្រើនរូប។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ជានិច្ចកាល គណបក្សប្រជាជនកម្ពុជាតែងតែរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈដូច្នេះដើម្បីសន្តិភាព ស្ថិរភាព សុវត្ថិភាពប្រទេសជាតិ និងប្រជាជនត្រូវជឿជាក់លើគណបក្សប្រជាជនកម្ពុជាដោយរក្សាឱ្យបាននូវសាមគ្គីភាព កុំជឿពាក្យញុះញង់ពីក្រុមអគតិមួយចំនួនដែលមានបំណងបំផ្លិចបំផ្លាញកិត្តិយសកម្ពុជា និងការរីកចម្រើនរបស់កម្ពុជា។
ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថា ការបញ្ចូលសមាជិក សមាជិកាថ្មី គឺជាកម្លាំងសាមគ្គីយ៉ាងរឹងមាំសម្រាប់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀតក៏ដូចជាធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ។
សូមបញ្ជាក់ថា នៅក្នុងឱកាសនោះ តំណាងសមាជិកបក្សថ្មីក៏បានប្រកាសពីការប្តេជ្ញាចិត្តគោរព និងអនុវត្តតាមគោលនយោបាយលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស និងបានប្ដេជ្ញា បន្តស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងដែលជាចំណុចស្នូលនៃភាពខ្លាំង និងជោគជ័យរបស់បក្ស និងបានប្ដេជ្ញាចូលរួមរាល់សកម្មភាពរបស់បក្ស ការពារសមិទ្ធិផល និងការពារសន្តិភាព និងចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាជានិច្ចនៅរាល់ការបោះឆ្នោតនាពេលអនាគតផងដែរ៕