ផ្ទះចំនួន ៤ខ្នង និងបង្គន់អនាម័យចំនួន ៤ ត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ផ្តល់ជូនដល់គ្រួសារក្រីក្រ ៤ គ្រួសារ នៅក្នុងស្រុកពាមជរ និងស្រុកពារាំង

(ព្រៃវែង)៖ នៅថ្ងៃទី២៦-២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា និងក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងប្រគល់ផ្ទះចំនួន ៤ខ្នង ទំហំ ៤មx៦ម ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ និងបង្គន់អនាម័យចំនួន ៤បង្គន់ ក្នុងផែនការឆ្នាំ២០២៤ ជាអំណោយរបស់សាខាខេត្តជូនដល់គ្រួសារក្រីក្រ ២គ្រួសារ នៅឃុំអង្គរអង្គ និងឃុំព្រែកក្របៅ ក្នុងស្រុកពាមជរ និង ២គ្រួសារទៀតនៅស្ថិតនៅភូមិគរ ឃុំព្រៃស្រឡិត និងនៅភូមិព្រែកជ្រូក ឃុំកំពង់ប្រា ស្រុកពារាំង ខេត្តព្រៃវែង។

នាឱកាសនោះ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាខេត្ត បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្តពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ:ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។ បន្ថែមពីនេះ ឯកឧត្តមបានមានប្រសាសន៍ផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព និងត្រូវរស់នៅស្អាត ផឹកស្អាត ហូបស្អាត និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនជាពិសេសសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងផ្សេងៗ ពិសេសការប្រែប្រួលអាកាសធាតុ និងបរិស្ថានផ្តោតលើការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។

ចំពោះសម្ភារៈគ្រឿងផ្ទះ និងបង្គន់អនាម័យ ដែលបានប្រគល់ជូន គឺជាថវិកាមូលនិធិសាខាកាកបាទក្រហមកម្ពុជាខេត្តបានទទួលមកពីសប្បុរជនគ្រប់មជ្ឈដ្ឋានក្នុងការចូលរួមចំណែកការងារមនុស្សធម៌ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត។

ក្រៅពីការប្រគល់ផ្ទះ និងបង្គន់អនាម័យ សម្ភារៈផ្តល់ជូនបន្ថែម ក្នុង ១គ្រួសារទទួលបាន៖ អង្ករ ២៥គ.ក វិទ្យុ ១គ្រឿង កន្ទេល ១ ឃីត ១កញ្ចប់ (មុង ភួយ សារុង ក្រមា) មី ១កេស ត្រីខ ១យួរ បោយទឹក ១ ច្រាសដុសបង្គន់ ១ សាប៊ូ ១កញ្ចប់តូច និងថវិកាក្នុង ១គ្រួសារ ចំនួន ១០០,០០០រៀល។ ដោយឡែកគ្រួសាក្រីក្រចំនួន២ គ្រួសារនៅស្រុកពារាំងទទួលបានថវិកាក្នុងមួយគ្រួសារចំនួន ២០ម៉ឺនរៀលផងដែរ។ សាខាខេត្តក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់លោកតា លោកយាយផងដែរ។

បញ្ជាក់៖ គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ សាខាខេត្តបានប្រគល់ផ្ទះសរុបចំនួន ២៣៤ខ្នងផ្ទះ និងបង្គន់អនាម័យសរុបចំនួន ២០០បង្គន់៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare