បទល្មេីសកាប់បំផ្លាញព្រៃឈេីដឹកចូលរោងសិប្បកម្មអត់ច្បាប់នៅតែមានបន្តធ្វេីសកម្មភាពឥតឈប់ឈររីឯអាជ្ញាធរ និងសមត្ថកិច្ចជំនាញកំពុងរក្សាភាពស្ងៀមស្ងាត់ដោយអះអាងថាគេមានច្បាប់
(ខេត្តសៀមរាប)៖ រោងសិប្បកម្មកែច្នៃឈើខុសច្បាប់ជាច្រើនកន្លែងស្ថិតនៅភូមិប៉ាតត និងភូមិខ្លាឃ្មុំ ឃុំគោកធ្លកក្រោម ខេត្តសៀមរាបកំពុងដឹកឈើចូលក្នុងរោងសិប្បកម្មកែច្នៃរបស់ខ្លួនយ៉ាងអនាធិបតេយ្យដោយពុំឃើញមានអាជ្ញាធរ និងសមត្ថកិច្ចជំនាញនៅមូលដ្ឋាននោះទប់ស្កាត់បង្ក្រាបឡើយ។
ជុំវិញករណីខាងលើលោក សាំង សំរិទ្ធ (ហៅ ហុងដា) សង្កាត់រដ្ឋបាលព្រៃឈើស្រុកជីក្រែងពេលអ្នកសារព័ត៌មានយើងទាក់ទងទៅគាត់គ្រាន់តែបានឆ្លើយយ៉ាងខ្លីថាជាប់រវល់ប្រជុំ។
រីឯលោក សូ ផល្លា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកជីក្រែងបានថ្លែងថា ចំពោះទីតាំងសិប្បកម្មទាំងអស់នោះមានកន្លែងខ្លះក៏មានច្បាប់ហើយក៏មានកន្លែងខ្លះកំពុងតែបន្តច្បាប់។
គួរបញ្ជាក់ផងដែរថា ម្ចាស់សិប្បកម្មជាច្រើនកន្លែងដែលមិនស្គាល់ឈ្មោះខាងលើនេះបានយកគ្រឿងសម្ភារៈសិប្បកម្មដែលមានម៉ាស៊ីនសម្រាប់ជ្រៀករណាអារច្រៀក និងតែងតែមានគោយន្តកន្រ្តៃដឹកឈើចូល និងគ្រឿងសម្ភារៈផ្សេងៗជាច្រើនទៀតដែរ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារយើងបានឆ្លងកាត់ផ្តិតយករូបភាពជាក់ស្តែងនូវទីតាំងខាងលើនេះ ពាក់ព័ន្ធនឹងការកែច្នៃសិប្បកម្មឈើខុសច្បាប់នេះ អាជ្ញាធរឬសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅមូលដ្ឋានផ្ទាល់មិនគួរបណ្ដែតបណ្ដោយឱ្យសកម្មភាពរបៀបនេះកើតឡើងបានទេព្រោះវាជាអំពើខុសច្បាប់ទាំងស្រុងបើទោះបីជាប្រជាពលរដ្ឋមានជីវភាពខ្វះខាតខ្លះៗយ៉ាងណាក៏ដោយព្រោះវាពាក់ព័ន្ធនឹងការចូលរួមបំផ្លាញធនធានធម្មជាតិដែលច្បាប់កំពុងហាមឃាត់យ៉ាងតឹងរឹងជាទីបំផុត។
សូមសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធជាពិសេសលោកអភិបាលខេត្ត សូមមេត្តាមានវិធានការបង្ក្រាប ឬទប់ស្កាត់ឱ្យខានតែបានផងទានដើម្បីចូលរួមថែរក្សា និងការពារសម្បត្តិជាតិរបស់យើងទាំងអស់គ្នា៕