
រដ្ឋមន្ត្រីយុត្តិធម៌ស្នើឱ្យដាក់ឈ្មោះ ស្រី ស៊ីណា ក្នុងបញ្ជីឧក្រិដ្ឋជនសាហាវដែលមិនអាចទទួលបានការលើកលែងទោស និងបន្ធូរបន្ថយទោសឡើយ
(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោសបានស្នើឱ្យដាក់ឈ្មោះ ស្រី ស៊ីណា ក្នុងបញ្ជីឧក្រិដ្ឋជនសាហាវដែលមិនអាចទទួលបានការលើកលែងទោស និងបន្ធូរបន្ថយទោសក្នុងឱកាសណាមួយបានឡើយ។
លោក កើត រិទ្ធ បានអះអាងថា ការធ្វើបែបនេះ ដើម្បីធានាថាអំពើសម្លាប់មនុស្សដ៏សាហាវរបស់ឈ្មោះ ស្រី ស៉ីណា ត្រូវតែទទួលរងការអនុវត្តទោសនៅក្នុងពន្ធនាគារឱ្យបានធ្ងន់ធ្ងរសាកសមទៅនឹងអំពើដែលខ្លួនបានប្រព្រឹត្តស្របតាមគោលការណ៍សមទណ្ឌោ។ លោកថ្លែងបែបនេះ ក្នុងឱកាសដែលក្រសួងយុត្តិធម៌រៀបចំសន្និសីទសារព័ត៌មានពាក់ព័ន្ធ «ករណីឃាតកម្មប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៉ីណា» នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងយុត្តិធម៌។
លោក កើត រិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការដែលផ្តន្ទាទោសជនល្មើសបានចូលជាស្ថាពរហើយខ្ញុំក៏ទទួលបានគោលការណ៍ដឹកនាំពីសំណាក់សម្តេចប្រមុខរាជរដ្ឋាភិបាលក្នុងនាមខ្ញុំជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោស ខ្ញុំនឹងស្នើសុំទៅគណៈកម្មការជាតិដើម្បីដាក់ឈ្មោះជននេះទៅក្នុងបញ្ជីឧក្រិដ្ឋជនសាហាវដែលមិនអាចទទួលការស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោសបានឡើយដើម្បីធានាថាអំពើសម្លាប់មនុស្សដ៏សាហាវបែបនេះត្រូវតែទទួលរងការអនុវត្តទោសនៅក្នុងពន្ធនាគារឱ្យបានធ្ងន់ធ្ងរសាកសមទៅនឹងអំពើដែលខ្លួនបានប្រព្រឹត្តស្របតាមគោលការណ៍សមទណ្ឌោដែលជាគោលការណ៍គ្រឹះមួយក្នុងវិស័យយុត្តិធម៌ គឺការដាក់ទោសមួយ និងទទួលទោសមួយសាកសមនឹងកំហុសដែលបានប្រព្រឹត្ត»។
ខ្មាន់កាំភ្លើងគឺអតីតឧកញ៉ា ស្រី ស៊ីណា បានធ្វើការបាញ់ប្រហារនៅខណ្ឌច្បារអំពៅ បណ្ដាលឱ្យមនុស្ស ២នាក់ដែលជាគូដណ្ដឹងនឹងគ្នាបានស្លាប់ និង ២នាក់ផ្សេងទៀតរងរបួស។ ករណីនេះ តុលាការបានចោទប្រកាន់ អតីតឧកញ៉ាចំនួន ៣បទល្មើស គឺបទ ឃាតកម្ម ប៉ុនប៉ងឃាតកម្ម និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។
បើតាមលោក កើត រិទ្ធ ករណីអតីតឧកញ៉ាខាងលើបាញ់សម្លាប់មនុស្ស តុលាការត្រូវតែអនុវត្តតាមច្បាប់ឱ្យម៉ឹងម៉ាត់បំផុតដោយគ្មានការលើកលែង ឬបន្ធូរបន្ថយហើយបន្ថែមថា ការផ្សព្វផ្សាយតាមបណ្តាញសង្គមថា ឧក្រិដ្ឋជន ស្រី ស៊ីណា នឹងជាប់គុកតែ១០ ទៅ១៥ឆ្នាំ ជាការបង្កើតឱ្យការមានភ័ន្តច្រឡំ ខណៈករណីនេះត្រូវបានចោទប្រកាន់ ២សំណុំរឿងផ្សេងគ្នាដែលសំណុំរឿងនីមួយៗ អាចត្រូវជាប់ពន្ធនាគារពី១០ ទៅ១៥ឆ្នាំ ហើយទោសនេះនឹងបូកចូលគ្នា។
លោក កើត រិទ្ធ បានថ្លែងថា បើអយ្យការមិនបំបែកសំណុំរឿងជាពីរ ម្ល៉េះទោសរបស់លោក ស្រី ស៊ីណា មិនធ្ងន់នោះទេ។ លោកបានធានាថា ករណីអតីតឧកញ៉ា ស្រី ស៊ីណា នឹងមិនអាចមានភាពមិនប្រក្រតីណាមួយកើតឡើងនៅតុលាការឡើយ។ ជាមួយគ្នានេះដែរ លោក កើត រិទ្ធ បានឱ្យដឹងថា គណៈកម្មការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌត្រូវបានបង្កើតរួចហើយដើម្បីធ្វើសេចក្តីព្រាងវិសោធកម្មច្បាប់ ទាក់ទងនឹងឃាតកម្មដែលសាហាវ បាញ់សម្លាប់មនុស្សជាបន្តបន្ទាប់។ លោកក៏បានថ្លែងថា បើអតីតឧកញ៉ា ស្រី ស៊ីណាមិនត្រូវជាប់ពន្ធនាគារ ឬជាប់ពន្ធនាគារ ២-៣ឆ្នាំចេញមកវិញពាក់ព័ន្ធករណីឃាតកម្មនេះ លោកនឹងដើរចេញមិនអង្គុយនៅកន្លែងយុត្តិធម៌នេះទៀតទេ៕