
រដ្ឋបាលខេត្តព្រៃវែង ប្រារព្ធពិធី ២៦ មិថុនា ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ ( រួមគ្នាវិនិយោគលើការបង្ការទប់ស្កាត់ និងលើកកម្ពស់ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន)
(ព្រៃវែង)៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅខេត្តព្រៃវែង ក្រោមប្រធានបទ “រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន” ក្រោមអធិបតីភាព ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រៃវែង ដែលប្រារព្ធធ្វើនៅសួនច្បារសម្ដេចក្រឡាហោម ស ខេង ក្រុងព្រៃវែង។
ក្នុងនោះលោក ពេជ្រ សុត្ថារ័ត្ន អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានលើកឡើងថា៖ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តបានខិតខំប្រឹងប្រែងលុបបំបាត់ការប្រើប្រាស់ និង ជួញដូរគ្រឿងញៀននៅក្នុងមូលដ្ឋាន និងកន្លែងដែលមិនទាន់រៀបរយផ្សេងៗ។
ជាក់ស្តែង គិតត្រឹមខែឆមាសទី១ ឆ្នាំ២០២៤ បានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១០៤ ករណីឃាត់ខ្លួនជនសង្ស័យចំនួន ២៥១នាក់ ស្រី ២៣នាក់ ក្នុងនោះករណីជួញដូរ និងរក្សាទុក ៧៤ ករណី ករណីប្រើប្រាស់ ២២ ករណី និងបង្ក្រាបតាមដីកា ៨ ករណី។ បានដកហូតថ្នាំញៀនគ្រប់ប្រភេទសរុបចំនួន ៧.៨៩០,៦៤ ក្រាម, ទូរស័ព្ទដៃចំនួន ១៩៥ គ្រឿង, ឡាន ៥ គ្រឿង, ម៉ូតូ ២០គ្រឿង, ជញ្ជាំង ១២គ្រឿង, អាវុធខ្លី ១ដើម, និងដាវខ្លី ១ដើម។
លោកអភិបាលរងខេត្តបន្តថា ជាមួយនេះ អនុវត្តតាមបទបញ្ជាលេខ០១បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល ស្តីពីការ ដាក់វិធានការម៉ឺនម៉ាត់ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលបាលថ្នាក់ក្រោមជាតិ រដ្ឋបាលខេត្តបានរៀបចំតេស្តទឹកមូតរកសារធាតុញៀនជំហានទី១ ចំពោះមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា បម្រើការងារតាមមន្ទីរ អង្គភាពនៃខេត្តព្រៃវែង ចំនួន ៣៣មន្ទីរ អង្គភាព មានមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យាសរុបចំនួន ២.០៥៥ នាក់ ក្នុងនោះបានធ្វើតេស្តចំនួន ១.៩៩៦ នាក់ ជារួមលទ្ធផលអវិជ្ជមាន។ ចំពោះមន្ត្រីរាជការ និងមន្ត្រី កិច្ចសន្យាដែលខកខានមិនបានមកធ្វើតេស្តទឹកមូតរកសារធាតុញៀន ដោយមូលហេតុ កំពុងព្យាបាលជំងឺស្ថិតក្នុងស្ថានភាពទំនេរគ្មានបៀវត្ស និងសុំច្បាប់ឈប់សំរាក រដ្ឋបាលខេត្តបានណែនាំដល់មន្ទីរ អង្គភាពជុំវិញរដ្ឋបាលខេត្តឱ្យមន្ត្រីទាំងនោះមកធ្វើតេស្តឱ្យបានគ្រប់ៗគ្នា។ ដោយឡែក ចំពោះមន្ត្រីនគរបាលក្នុងខេត្តបានធ្វើតេស្តទឹកមូតរកសារធាតុញៀនចំនួន ០៤លើក ក្នុងចំណោមមន្ត្រីនគរបាលសរុបចំនួន ២.០២៦នាក់ បានមកធ្វើតេស្តចំនួន ១.៩១៥នាក់ មិនបានមកធ្វើតេស្តចំនួន ៩៩នាក់, ទៅរៀនចំនួន ៨២ នាក់ និងអ្នកមានជំងឺ ១៦នាក់។ មន្ត្រីនគរបាលដែលរកឃើញមានសារធាតុញៀនចំនួន ១៣ នាក់ (មន្ត្រីទាំង១៣នាក់នេះ ត្រូវបានក្រសួងមហាផ្ទៃបណ្តេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ)។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តបានមានប្រសាសន៍សប្បាយរីករាយដោយបានឃើញវត្តមានចូលរួមក្នុងអង្គពិធីពីគ្រប់អង្គភាព, គ្រប់វិស័យ រួមទាំងមន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធ, សិស្សានុសិស្ស, យុវជន យុវនារី និងវិស័យ ឯកជនដែលនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពី ស្មារតីរួបរួមគ្នាមួយក្នុងការចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួមរបស់សង្គមជាតិ, ដែលយើងទាំងអស់គ្នាត្រូវតែចូលរួមលុបបំបាត់ និងប្រយុទ្ធប្រឆាំងស្របតាមទិសស្លោក និងទស្សនវិស័យរបស់រាជរដ្ឋាភិបាលគឺ «ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន» ។
ឯកឧត្ដមអភិបាលខេត្តបន្ថែមថា ការចូលរួមផ្សព្វផ្សាយ និងអប់រំអំពីវិធានការបង្ការ និងការពារគឺជាកត្តាចាំបាច់បំផុតដើម្បីប្រជា ពលរដ្ឋ សិស្សានុសិស្ស យុវជន យុវនារី បានស្វែងយល់កាន់តែស៊ីជម្រៅអំពីគ្រោះថ្នាក់នៃគ្រឿងញៀន និងប្រកាន់ជំហររឹងមាំដាច់ខាត មិនប៉ះពាល់ និងប្រើប្រាស់គ្រឿងញៀនដែលកត្តានេះនឹងឈានដល់ការកាត់បន្ថយអតិបរមាដល់ទីផ្សារនៃការជួញដូរគ្រឿងញៀន។
ឯកឧត្តមបន្តថា សម្រាប់អាណត្តិថ្មីនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តដឹកនាំ អនុវត្ត និងថែរក្សាមរតកសន្តិភាព និងសន្តិសុខដ៏ថ្លៃថ្លានេះដោយបានតម្កល់វិស័យ ប្រយុទ្ធប្រឆាំងគ្រឿងញៀនជាវិស័យអាទិភាពចាំបាច់បំផុតរបស់រាជរដ្ឋាភិបាល។ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្មវិធីនយោបាយ រាជរដ្ឋាភិបាល វិធានការគន្លឹះទាំង៥ ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ និងការបង្កើតគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺជាសក្ខីភាពយ៉ាងប្រត្យក្សមួយបង្ហាញពីគោលនយោបាយប្រយុទ្ធប្រឆាំងគ្រឿងញៀនដ៏មុតស្រួច និងមិន រាថយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។
លើសពីនេះទៀត សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញនូវបទបញ្ជាលេខ០១ បបស្តីពី ការដាក់ចេញវិធានការម៉ឹងម៉ាត់ និងបទបញ្ជាដាច់ខាតចំពោះមន្ត្រីរាជការស៊ីវិល កងកម្លាំង ប្រដាប់អាវុធ និងមន្ត្រីជាប់កិច្ចសន្យាតាមបណ្តាក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ដែលពាក់ព័ន្ធនឹងការប្រើប្រាស់ និងបទល្មើសគ្រឿងញៀន ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែងដែលបទបញ្ជានេះបានទទួលការសាទរ និងគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងក្នុងនិងក្រៅប្រទេស។
ឯកឧត្ដមក៏បានផ្តល់នូវអនុសាសន៍មួយចំនួន៖
ទី១. សំណូមពរដល់បងប្អូនគ្រប់ស្រទាប់វ័យ គ្រប់មជ្ឈដ្ឋាន និងគ្រប់វិស័យ សូមបន្តអនុវត្តស្មារតីគឺចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួម ដែលត្រូវចូលរួមដោះស្រាយនិងលុបបំបាត់ទាំងអស់គ្នា។
ទី២.ស្របតាមខ្លឹមសារប្រធានបទនៃទិវារបស់យើង ខ្ញុំសូមអំពាវនាវដល់ភាគីពាក់ព័ន្ធ និងវិស័យឯកជន សូមចូលរួមបង្ការ និងលើកកម្ពស់ការផ្សព្វផ្សាយ អប់រំឱ្យបានទូលំទូលាយប្រកបដោយភាពទាក់ទាញពេញនិយម និងមានប្រសិទ្ធភាព។
ទី៣.ខ្ញុំសូមលើកទឹកចិត្តឱ្យមានការបញ្ជ្រាបប្រធានបទប្រយុទ្ធប្រឆាំងគ្រឿងញៀនទៅរាល់ព្រឹត្តិការណ៍នានាទាំងក្នុងព្រឹត្តិការណ៍អប់រំ កីឡា សាសនា វប្បធម៌ សិល្បៈ ។ល។ ។
ទី៤.យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ជាពិសេសយុវជន យុវនារី សិស្សានុសិស្ស សូមទាញយក និងប្រើប្រាស់ឱ្យបានទូលំទូលាយនូវកម្មវិធីទូរស័ព្ទដៃ No Drug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលជាឃ្លាំងនៃ ចំណេះដឹង និងប្រព័ន្ធអប់រំដ៏មានវិសាលភាពមួយសម្រាប់ទទួលបានការកម្សាន្តបែបអប់រំខ្លឹមសារមេរៀនសំខាន់ៗ សម្រាប់ប្អូនៗក្មួយៗសិក្សាយល់ដឹង និងជាវិញ្ញាសាត្រៀមប្រឡងនានា ព័ត៌មានទាន់ហេតុការណ៍ទាំងជាតិ និងអន្តរជាតិពាក់ព័ន្ធពីបញ្ហាគ្រឿងញៀន និងដើម្បីស្វែងយល់ពីសេវាបន្សាបព្យាបាល និងស្តារនីតិសម្បទា។ លើសពីនេះទៀត កម្មវិធីទូរស័ព្ទដៃ NoDrug ត្រូវបានប្រើប្រាស់ជាមធ្យោបាយរាយការណ៍សម្ងាត់ និងមានប្រសិទ្ធភាពបំផុតអំពីករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍ដែលជាស្ពានដ៏សំខាន់ក្នុងការតភ្ជាប់ទំនាក់ទំនងរវាងពលរដ្ឋក្នុងសហគមន៍ជាមួយសមត្ថកិច្ចយើង។ អាស្រ័យដូចនេះ ការទាញយក និងការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ NoDrug គឺមានន័យថាបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ទី៥.គ្រប់មន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុក ត្រូវបន្តអនុវត្តបទបញ្ជាលេខ០១ បប ដោយត្រូវត្រួតពិនិត្យជាប្រចាំ មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ និងត្រូវមានវិធានការទាន់ពេល និងម៉ឹងម៉ាត់បំផុតចំពោះមន្ត្រីទាំងឡាយណាដែលពាក់ព័ន្ធនឹងគ្រឿងញៀន ដើម្បីលើកកម្ពស់ភាពស្អាតស្អំ និងគម្រូនៃការអនុវត្តច្បាប់។
ទី៦.គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងឃុំសង្កាត់ទាំងអស់ត្រូវបន្តអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព លុបបំបាត់ ការចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍ ជា ពិសេសតាមក្លឹបកម្សាន្ត និងទីតាំងសប្បាយដ្ឋាននានា និងសូមយកចិត្តទុកដាក់ពង្រឹងសណ្តាប់ធ្នាប់របៀបរៀបរយ បរិវេណជុំវិញសាលារៀន បំបាត់ករណីក្មេងទំនើង និងសិស្សគេចសាលាដែលអាចជាគោលដៅឈានដល់ការប្រើប្រាស់គ្រឿងញៀន៕