គ្រួសារក្រីក្រ ចំនួន ២គ្រួសារ នៅក្នុងស្រុកស៊ីធរកណ្តាលទទួលបានផ្ទះ និងបង្គន់អនាម័យពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង

(ព្រៃវែង)៖ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្តបានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា និងក្រុមការងារអនុសាខាស្រុកស៊ីធរកណ្តាល ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខ និងប្រគល់ផ្ទះចំនួន ២ខ្នង ទំហំ ៤មx៦ម ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងជ័រ ជញ្ជាំងជ័រ និងបង្គន់អនាម័យចំនួន ២ ក្នុងផែនការឆ្នាំ២០២៤ ជាអំណោយរបស់សាខាខេត្តជូនដល់គ្រួសារក្រីក្រចំនួន ២គ្រួសារ នៅឃុំព្រៃទឹង និងឃុំពោធិ៍ទីក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

នាឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាខេត្តបានលើកឡើងថា កាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន តែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ:ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

ឯកឧត្តមសូមផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព គឺត្រូវរស់នៅស្អាត ផឹកស្អាត ហូបស្អាត និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រែប្រួលអាកាសធាតុ និងបរិស្ថានផ្តោតលើការកាត់ការប្រើប្រាស់ថង់ប្លាស្ទិក។

ឯកឧត្តមបន្តថា ចំពោះសម្ភារៈ ផ្ទះចំនួន ២ខ្នង ដែលបានប្រគល់ជូននេះគឺជាថវិកាមូលនិធិសាខាកាកបាទក្រហមកម្ពុជាខេត្តបានទទួលមកពីសប្បុរជនគ្រប់មជ្ឈដ្ឋានក្នុងការចូលរួមចំណែកការងារមនុស្សធម៌ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូន ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត។

ក្រៅពីការប្រគល់ផ្ទះ និងបង្គន់អនាម័យ សម្ភារៈផ្តល់ជូនបន្ថែម ក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥គ.ក វិទ្យុ ១គ្រឿង កន្ទេល ១ឃីត ១កញ្ចប់(មុង ភួយ សារុង ក្រមា) មី ១កេស ត្រី ខ ១យួរ បោយទឹក ១ ច្រាសដុសបង្គន់ ១ សាប៊ូ ១កញ្ចប់តូច និងថវិកាក្នុង ១គ្រួសារ ចំនួន ១០០,០០០រៀល។

-អនុសាខាស្រុកស៊ីធរកណ្តាល បានឧបត្ថម្ភថវិកាបន្ថែម ក្នុង១គ្រួសារ ចំនួន ១០០,០០០រៀល និងបានសម្របសម្រួលតភ្ជាប់អគ្គីសនីដល់ផ្ទះគ្រួសារទាំង២ផងដែរ។

បញ្ជាក់៖ គិតត្រឹមថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ សាខាខេត្តបានប្រគល់ផ្ទះសរុបចំនួន ២២០ខ្នងផ្ទះ និងបង្គន់អនាម័យសរុបចំនួន ១៨៩បង្គន់៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare