
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោលទៅក្នុងទីសាធារណៈទទួលបានជោគជ័យរួចមកហើយ
ក្រសួងបរិស្ថានប្រកាសបើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នេះតទៅ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានមានប្រសាសន៍ថា យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នេះ បានបង្ហាញយ៉ាងច្បាស់ពីការតាំងចិត្តចូលរួមពីខ្មែរទូទាំងប្រទេសបន្ទាប់ពីកម្ពុជាយើងបានចូលរួមទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោលទៅក្នុងទីសាធារណៈទទួលបានជោគជ័យរួចហើយ។ ជោគជ័យដែលទទួលបាននោះគឺយុទ្ធនាការបន្តថ្មីមួយទៀតនេះ បានដើរទន្ទឹមគ្នាជាមួយយុទ្ធនាការ « ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលត្រូវបានដាក់ចេញកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ហើយដែលរហូតដល់ពេលនេះ មានការចូលរួមពីសំណាក់សិស្សានុសិស្ស និងប្រជាជនចំនួនជាង ៨លាននាក់នៅទូទាំងប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានបញ្ជាក់ដូចនេះបន្ថែម។
សូមបញ្ជាក់ថា យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» គឺជាយុទ្ធនាការសុំឱ្យសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋមួយភូមិ ឬមួយឃុំ ឬមួយស្រុក ឬមួយខេត្តចេញមកទាំងអស់គ្នារើសសំរាមជុំវិញបរិវេណផ្ទះ សាលារៀន វត្តអារាម និងតាមទីសាធារណៈ ចំនួន១៥នាទី រៀងរាល់ថ្ងៃសៅរ៍ ដោយប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែតបានថ្លែងថា ភាពស្អាត និងសុខភាពប្រជាពលរដ្ឋជាការងារអាទិភាពដែលរាជរដ្ឋាភិបាលកម្ពុជានៅក្នុងអាណត្តិទី៧ បាននឹងកំពុងយកចិត្តទុកដាក់។ ការសម្អាតអនាម័យបរិស្ថាននៅតាមមូលដ្ឋាន ប្រមូលទុកដាក់សំរាមរួមទាំងការកាត់បន្ថយសំណល់ប្លាស្ទិកដែលឈានទៅបញ្ឈប់ការប្រើប្រាស់ប្លាស្ទិកក្នុងចំណោមយុវជនជំនាន់ក្រោយធានាការគ្រប់គ្រងសំរាម ថែរក្សាអនាម័យបរិស្ថាន និងសុខុមាលភាពប្រជាពលរដ្ឋបានល្អប្រសើរស្របនឹងភាពស្អាត ដែលជាមុំយុទ្ធសាស្រ្តអាទិភាពទី១ ចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន៕