លោក អន ភារៈ៖ “អភិបាលរងស្រុកដែលត្រូវបានប្រកាសចូលកាន់មកតំណែងថ្មីនេះត្រូវពង្រឹងតួនាទីភារកិច្ចបម្រើប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង”

(ព្រៃវែង)៖  លោក អន ភារៈ អភិបាលរងខេត្ត តំណាងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តបានមានប្រសាសន៍លើកឡើងថា អភិបាលរងស្រុកដែលបានផ្ទេរភារកិច្ចចូលកាន់មុខតំណែងជាអភិបាលរងស្រុកបាភ្នំថ្មីដែលបានផ្ទេរពីស្រុកព្រះស្ដេចមកជំនួស អភិបាលស្រុកបាភ្នំនេះត្រូវខិតខំពង្រឹងតួនាទីភារៈកិច្ចអនុវត្តការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាពជាពិសេសត្រូវខិតខំយកចិត្តទុកដាក់បម្រើសាលាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់មានប្រសិទ្ធភាពបន្ថែមទៀត។ មានប្រសាសន៍បែបនេះគឺនៅក្នុងឱកាសដែលលោកអភិបាលរងបានអញ្ជើញជាអធិបតី​ក្នុងពិធី​ប្រកាសតែងតាំងលោក ងួន សំអុល ជំនួសលោក ស៊ិន ចក់ ដែលរាជរដ្ឋាភិបាលបានផ្លាស់ប្ដូរឱ្យទៅបម្រើការងារនៅសាលាស្រុកព្រះស្តេច នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាស្រុកបាភ្នំ។

ក្នុងឱកាសនេះដែរ​ លោកអភិបាលរងខេត្ត​ បានបន្តថា អភិបាលរងស្រុកដែលទេីបទទួលតំណែងថ្មីត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើជាពិសេសជាមួយរាជរដ្ឋាភិបាលហើយត្រូវគោរពតាមការប្តេជ្ញាចិត្តដូចក្នុងពេលប្រកាសឡើងកាន់តំណែងថ្មីនេះហេីយស្នើសុំឱ្យលោកខិតខំធ្វើការងារ ដោយសហការណ៍​ និងពង្រឹង​សាមគ្គីភាព​បានល្អជាមួយសហការី អង្គភាពពាក់ព័ន្ធព្រមទាំងកងកម្លាំងទាំងបី​។

លោកអភិបាលរងខេត្តក៏បានមានប្រសាសន៍បន្ថែមទៀតថា សព្វថ្ងៃនេះនៅក្នុងស្រុកបាភ្នំតែងតែមានសារព័ត៌មានជ្រុលនិយមក្រៅប្រទេសមួយចំនួនតែងតែផ្សព្វផ្សាយនៅព្រឹត្តិការណ៍មិនពិតចំពោះបញ្ហានៃស្រុកបាភ្នំនេះ។ ដោយការចុះផ្សាយមិនមានមូលដ្ឋានច្បាស់លាស់ និងមិនគ្រប់ជ្រុងជ្រោយតែងតែផ្សព្វផ្សាយ មួយបង្កាច់ បំភាន់ដល់មហាជនឱ្យមានការភ័ន្តច្រឡំចំពោះភាពរីកចម្រើន និងការអភិវឌ្ឍន៍នៅក្នុងស្រុកបាភ្នំនេះផងដែរ។

ក្នុងនោះ លោកអភិបាលរងខេត្តសូមលេីកទឹកចិត្តដល់​លោកអភិបាលរងស្រុកថ្មី​ត្រូវបន្តខិតខំប្រឹងប្រែងលះបង់ពេលវេលា​ កម្លាំងកាយចិត្ត​ និងស្មារតី​ដោយត្រូវអនុវត្តការងារឈរលើជំហរច្បាប់ជាកត្តាចំបង​ ​ជាពិសេសធ្វេីយ៉ាងណាឱ្យការងាររដ្ឋបាលទូទៅ​ ការងារផ្ដល់សេវាសាធារណៈ​ដំណេីរការបានយ៉ាងល្អប្រសេី​រដេីម្បីឆ្លេីយតបនូវសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន​ប្រកបដោយគុណភាព​ដេីម្បីឱ្យស្រុកបាភ្នំមានការរីកចម្រេីនលូតលាស់បានយ៉ាងល្អប្រសេីរថែមទៀត។

ក្នុងដែរលោក ងួន សំអុល អភិបាលរងស្រុកថ្មី បានឡើងធ្វើការប្តេជ្ញាចិត្តដោយគោរពប្រតិបត្តិឱ្យបានម៉ឺងម៉ាត់ចំពោះរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាពិសេសច្បាប់គ្រប់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់គ្រប់រដ្ឋបាលឃុំ-សង្កាត់ សំដៅធានាគុណភាព ប្រសិទ្ធភាពក្នុងការផ្តល់សេវារដ្ឋបាល សេវាសាធារណៈ និងកិច្ចអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើនប្រកបដោយគុណភាព មានការចូលរួម គណនេយ្យភាព សមធម៌ និងបរិយាប័ន្ន។ គោរព និងអនុវត្តអោយបានម៉ឺងម៉ាត់បំផុត និងមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាលកម្ពុជា និង ប្រជាពលរដ្ឋក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីសម្រេចបានជោគជ័យដល់ការលើកកម្ពស់អភិបាលកិច្ចល្អ និងរួមចំណែកកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។ គោរព និងអនុវត្តយ៉ាងសកម្មនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ នៅក្នុងរដ្ឋបាលស្រុក។ បន្តវប្បធម៌រក្សា និងបង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាមួយជួរថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៅក្នុងរដ្ឋបាលស្រុក និងបង្កើនការទំនាក់ទំនងល្អជាមួយបណ្តាអង្គភាពពាក់ព័ន្ធ និងសមាគម អង្គការនានាដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងកម្មវិធីជាតិឱ្យបានជោគជ័យតាមផែនការ៕


    

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare