សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ «ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២៤)
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សារណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២៤) ដែលបានរៀបចំឡើងនាសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញដែលមានសមាសភាពអញ្ជើញចូលរួមចំនួន ៧០០អង្គ/នាក់នាថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតបានលើកឡើងថា «រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូលទាំងក្នុង និងក្រៅប្រទេសដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀតក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះនៅថ្ងៃទី០៧ មករា ឆ្នាំ១៩៧៩។
ថ្ងៃ០២ ខែធ្នូ ឆ្នាំ១៩៧៨ ជាថ្ងៃដែល «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ត្រូវបានប្តូរឈ្មោះជា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ត្រូវបានបង្កើតឡើងនៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដោយមានការឧបត្ថម្ភគាំទ្រស្មារតី និងសម្ភារៈទៅវិញទៅមករវាងបណ្តាប្រទេសជាមិត្ត និងត្រូវបានបន្តពង្រឹងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការកាន់តែជិតស្និទ្ធទ្វេឡើងថែមទៀត។
សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា រយៈពេល ៤៦ឆ្នាំកន្លងមកនេះ ប្រជាជនបានស្ថិតស្ថេររួមរស់ជាមួយគ្នាក្នុងជួររណសិរ្ស ពុះពារឆ្លងកាត់ឧបសគ្គតូចធំទាំងឡាយយ៉ាងអង់អាចក្លាហានបំផុតក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្នូលដឹកនាំ និងជាអគ្គមគ្គុទេសក៍ដ៏ឆ្នើមរបស់ប្រជាជនកម្ពុជា។ ស្មារតី២ធ្នូ ស្មារតី៧មករា ដែលបានចារឹកជាប់ក្នុងមនសិការរបស់ប្រជាជនយើងបានប្រែក្លាយទៅជាកម្លាំងយ៉ាងធំធេងក្នុងការបង្កើតឡើងនូវសមិទ្ធផលធំៗ នៃសង្គមជាតិ។ ឥឡូវនេះ ក្រោមពន្លឺនៃសន្តិភាព សេរីភាព មនសិការជាតិ និងក្នុងជំហរផ្សារភ្ជាប់នូវជោគវាសនារបស់ខ្លួនយើងទាំងអស់គ្នា យើងជឿជាក់ថានឹងគ្មានការកើតឡើងជាថ្មីទៀតនូវសោកនាដកម្មដូចក្នុងអតីតកាលឡើយ។
សម្តេចកិត្តិសង្គហបណ្ឌិតក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាដ៏សកម្មនៃរណសិរ្សគ្រប់ថ្នាក់ សូមលើកកម្ពស់ស្មារតីថែរក្សា សាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រកាន់ខ្ជាប់ប្រពៃណីស្នេហាជាតិផ្សារភ្ជាប់ជាមួយប្រជាជនហើយខិតខំបញ្ចេញអស់កម្លាំងកាយចិត្តក្នុងការបម្រើប្រជាជន និងប្រទេសជាតិ។ ជាពិសេសអនុវត្តឱ្យបាននូវអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់ដែលបានផ្តល់អនុសាសន៍ដ៏ថ្លៃថ្លានៅក្នុងអង្គមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ។