អភិបាលរងស្រុកព្រះស្តេចចំនួន ២រូបដែលត្រូវបានប្រកាសចូលកាន់មកតំណែងថ្មី
(ព្រៃវែង)៖ នៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ លោក អន ភារៈ អភិបាលរងខេត្ត តំណាងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តបានអញ្ជើញជាអធិបតីប្រកាសតែងតាំងអភិបាលរងស្រុកព្រះស្តេចចំនួន ២ រូបដែលចូលកាន់មកតំណែងជាភិបាលរងស្រុកថ្មីទី១ គឺលោកលោក ស៊ិន ចក់ ត្រូវបានផ្ទេរមកពីស្រុកបាភ្នំជំនួសលោក ងួន សំអុល ដែលរាជរដ្ឋាភិបាលបានផ្លាស់ប្ដូរឱ្យទៅបម្រើការងារនៅសាលាស្រុកបាភ្នំ និងលោក នេត សារ៉ាត់ ត្រូវបានប្រកាសតែងតាំងជាអភិបាលរងស្រុកថ្មី។
ក្នុងឱកាសនេះដែរ លោកអភិបាលរងខេត្ត បានណែនាំដល់អភិបាលរងស្រុកទាំងពីររូប ដែលទេីបទទួលតំណែងថ្មីត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើ ជាពិសេសជាមួយរាជរដ្ឋាភិបាលហើយត្រូវគោរពតាមការប្តេជ្ញាចិត្តដូចក្នុងពេលប្រកាសឡើងកាន់តំណែងថ្មីនេះហេីយស្នើសុំឱ្យលោកខិតខំធ្វើការងារដោយសហការណ៍ និងពង្រឹងសាមគ្គីភាពបានល្អជាមួយសហការី អង្គភាពពាក់ព័ន្ធព្រមទាំងកងកម្លាំងទាំងបី។
ក្នុងនោះ លោកអភិបាលរងខេត្តបានបន្តទៀតថា លោកអភិបាលរងស្រុកថ្មីត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តតួនាទីភារៈកិច្ចរបស់ខ្លួន ជាពិសេសការងារផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពដេីម្បីឆ្លេីយតបនូវសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយគុណភាព។
ក្នុងដែរលោក ស៊ិន ចក់ អភិបាលរងស្រុកថ្មី បានឡើងធ្វើការប្តេជ្ញាចិត្តថា គោរពប្រតិបត្តិអោយបានម៉ឺងម៉ាត់ចំពោះរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាពិសេសច្បាប់គ្រប់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់គ្រប់រដ្ឋបាល ឃុំ សង្កាត់ សំដៅធានាគុណភាព ប្រសិទ្ធភាពក្នុងការផ្តល់សេវារដ្ឋបាលសេវាសាធារណៈ និងកិច្ចអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើនប្រកបដោយគុណភាព មានការចូលរួមគណនេយ្យភាព សមធម៌ និងបរិយាប័ន្ន។ គោរព និងអនុវត្តអោយបានម៉ឺងម៉ាត់បំផុត និងមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាលកម្ពុជា និង ប្រជាពលរដ្ឋក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីសម្រេចបានជោគជ័យដល់ការលើកកម្ពស់អភិបាលកិច្ចល្អ និងរួមចំណែកកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។ គោរព និងអនុវត្តយ៉ាងសកម្មនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ នៅក្នុងរដ្ឋបាលស្រុក។ បន្តវប្បធម៌រក្សា និងបង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាមួយជួរថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៅក្នុងរដ្ឋបាលស្រុក និងបង្កើនការទំនាក់ទំនងល្អជាមួយបណ្តាអង្គភាពពាក់ព័ន្ធ និងសមាគមអង្គការនានាដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងកម្មវិធីជាតិឱ្យបានជោគជ័យតាមផែនការ៕