ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទអញ្ជើញជាអធិបតី​ពិធីបើកសិក្ខាសាលាត្រួតពិនិត្យចុងក្រោយលើសេចក្ដីព្រាងបទដ្ឋានបច្ចេកទេសផ្លូវជនបទ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាត្រួតពិនិត្យចុងក្រោយលើសេចក្ដីព្រាងបទដ្ឋានបច្ចេកទេសផ្លូវជនបទ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនឯកជនចំនួន ៣៣ សរុបអ្នកចូលរួមប្រមាណ ២០០នាក់។

ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដោយផ្ទាល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងសិក្ខាសាលាដ៏មានសារសំខាន់នេះដែលបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់លើវិស័យអភិវឌ្ឍន៍ជនបទ ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជនបទកម្ពុជា។  ឯកឧត្តមរដ្ឋមន្ត្រីបានបន្តមានប្រសាសន៍លើកឡើងថា ការរៀបចំសិក្ខាសាលាស្ដីពីបទដ្ឋានបច្ចេកទេសផ្លូវជនបទនាពេលនេះស្ថិតក្នុងពេលដែលប្រទេសជាតិកំពុងទទួលបាននូវសុខសន្តិភាពពេញលេញដែលកើតចេញពីការធ្វើពលីកម្មគ្រប់បែបយ៉ាង និងពីនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អគ្គស្ថាបនិកសន្តិភាពនៃកម្ពុជា។ សិក្ខាសាលានេះពិតជាមានសារសំខាន់ចាំបាច់សម្រាប់យកមកអនុវត្តក្នុងកម្មវិធីអាទិភាពទីមួយរបស់ក្រសួងអភិវឌ្ឍន៍ជនបទដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជនបទនៅកម្ពុជាតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីដែលបានដាក់ចេញនូវគោលការណ៍ពង្រឹង ៧០% និង ពង្រីក ៣០%។ បច្ចុប្បន្ន ក្រសួង បាននឹងកំពុងបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្មក្នុងការស្ថាបនា កែលម្អ ស្តារឡើងវិញ ជួសជុល និងថែទាំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងសំណង់សិល្បការ្យនៅទូទាំងប្រទេសសរុបប្រមាណជង១៦០០០ខ្សែ ផ្លូវមានប្រវែងសរុបស្មើនឹងប្រមាណជាង ៥០០០០គីឡូម៉ែត្រ ដើម្បីតភ្ជាប់ការដឹកជញ្ជូនកសិផល ការធ្វើធុរកិច្ច ការធ្វើដំណើរទៅទទួលសេវាកម្មផ្សេងៗ ទាំងសេវាសាធារណៈ និងសេវាឯកជនក្នុងគោលដៅចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជននៅជនបទ ទីក្រុង និងទីប្រជុំជនឱ្យបានល្អប្រសើរឡើង។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើដល់អង្គសិក្ខាសាលាទាំងមូល មេត្តាចូលរួមផ្តល់មតិយោបល់ និងធាតុចូលបន្ថែមដែលនឹងធ្វើឱ្យបទដ្ឋានបច្ចេកទេសនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងកាន់តែមានភាពល្អប្រសើរក្នុងគោលដៅបម្រើដល់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទមានគុណភាព និងមានភាពធន់ ឆ្លើយតបទៅនឹងកត្តាប្រែប្រួលអាកាសធាតុ និងមានសង្គតិភាពទៅនឹងការរីកចម្រើននៃសង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare