ឯកឧត្តមបណ្ឌិត ជា ដែន អញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ជា ដែន អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាអញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ក្រោមអធិបតី បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកជំរុញចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាជាប្រធានកិត្តិយសអស់មួយជីវិតរបស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ឯកឧត្តម លោកជំទាវ ប្រតិភូកីឡាក្រសួង និងរាជធានី-ខេត្ត លោក-លោកស្រីជាគ្រូបង្វឹក ចៅក្រម អាជ្ញាកណ្តាល កីឡាករ កីឡាការិនី លោក-លោកស្រី និងសាធារណៈជន សិស្សានុសិស្ស សិល្បៈករ សិល្បៈការិនី ជាពិសេសមានការសម្តែងសៀក និងសម្តែងគុនល្បុក្កតោខ្មែរដែលជាការរៀបចំរបស់ ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨  ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅពហុកីឡដ្ឋានជាតិអូឡាំពិក។

រំលឹកជាថ្មីម្តងទៀត ចំពោះព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២នេះបានប្រារព្ឋពិធីបើកជាផ្លូវការកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅពហុកីឡដ្ឋានជាតិអូឡាំពិកក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ជាពិសេសក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោតអាទិភាពលើការអភិវឌ្ឍមូលធនមនុស្សក្នុងនោះកីឡាដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជូនយុវជននូវឱកាសបទពិសោធន៍ និងការអប់រំដើម្បីពង្រឹងសមត្ថភាព និងចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ២០៣០។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៤នេះ ធ្វើឡើងក្រោមប្រធានបទ “កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ” ដោយបានកំណត់យកប្រភេទកីឡាចំនួន៣៦ លើ ៣២៨ វិញ្ញាសា និងកីឡាជាតិជនពិការបានកំណត់យកចំនួន ១៣ ប្រភេទកីឡា លើ ៥៥ វិញ្ញាសា និងមានការចូលរួមប្រកួតពី ២៥ រាជធានី-ខេត្ត និងក្រសួងចំនួន៣ ក្នុងនោះមានក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare