
រដ្ឋបាលខេត្តកំពង់ចាម សម្រេចជ្រើសរើសយកទីតាំងសាលាខេត្ត សម្រាប់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩
កំពង់ចាម: តាមសេចក្តីរាយការណ៍នាព្រឹកថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្រេចជ្រើសរើសយកទីតាំងសាលាខេត្ត សម្រាប់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនអ្នកស្ម័គ្រចិត្ត ដោយឥតគិតថ្លៃ ការសម្រេចយ៉ាងដូច្នេះក្នុងកិច្ចប្រជុំអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅខេត្តកំពង់ចាម ក្រោមវត្តមានឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធផងដែរ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់ថ្នាក់ដឹកនាំប្រធានមន្ទីរអង្គភាពពាក់ព័ន្ធក្នុងសេណារីយ៉ូអនុគណៈកម្មការចំពោះកិច្ចខេត្តកំពង់ចាម ឲ្យរៀបចំវគ្គបណ្តុះបណ្តាលក្រុមគ្រូពេទ្យ និងកិច្ចការផ្សេងៗទៀត សរុបជាង៤០ក្រុម ដេីម្បីត្រៀមរៀបចំផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនអ្នកស្ម័គ្រចិត្តក្នុងក្របខណ្ឌទូទាំងខេត្តកំពង់ចាម ដោយមានទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងក្រុមនិស្សិតពេទ្យនៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាមផងដែរ ។
ឯកឧត្ដម អភិបាលខេត្ត បានអះអាងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់រដ្ឋបាលខេត្តកំពង់ចាម ឲ្យយកសណ្ឋាគារមេគង្គ ធ្វើជាមន្ទីរពេទ្យ សម្រាប់ព្យាបាល អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំពោះប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដោយឡែកពលករចំណូលស្រុក និងអ្នកពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ដែលកំពុងធ្វើធ្វើចត្តាឡីស័ក ក្នុងសណ្ឋាគារមេគង្គនោះ ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កបន្ត នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាមវិញ ។
ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ត្រូវជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ បេីគ្មានការសំខាន់ទេ សូមកុំចាកចេញពីផ្ទះ តែបេីត្រូវចេញក្រៅផ្ទះ គឺសូមពាក់ម៉ាស និងត្រូវរក្សាគម្លាតសុវត្ថិភាព ជាពិសេស គឺត្រូវអនុវត្តតាមសេចក្តីណែនាំរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈ ៣ការពារ ៣កុំ ដេីម្បីជៀសផុតពីជំងឺកូវីដដ៏កាចសាហាវនោះផផងដែរ៕