
ហៅមកផឹកស៊ីជាមួយដូចហៅឱ្យមកកាប់ក្បាលខ្លួនឯងបណ្ដាលឱ្យរបួសធ្ងន់នៅឃុំកំពង់ប្រាំង ស្រុកពារាំង
(ព្រៃវែង)៖ ជនដៃដល់ម្នាក់ត្រូវបានសមត្ថកិច្ចប៉ូលិសស្រុកពារាំងឃាត់ខ្លួន ក្រោយផឹកស៊ីស្រវឹងទាញកាំបិតប៉័ងតោកាប់ដៃគូទំនាស់ម្ខាងទៀតបណ្ដាលឱ្យរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងត្រង់ចំណុចផ្ទះឈ្មោះ សុន ចិត្រ ស្ថិតនៅភូមិល្វាកោង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង កាលពីយប់ទី២៩ ឈានចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។
ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះ សុន ចិត្រ ភេទប្រុសអាយុ៣៥ឆ្នាំ នៅភូមិល្វាកោង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង(ឃាត់ខ្លួន) រីឯជនរងគ្រោះឈ្មោះ ហម ឆេងហេង (ហៅចយ)ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិល្វាកោង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង របួសចំក្បាលត្រចៀកខាងឆ្វងដាច់សាច់ហូរឈាមស្រោចពេញខ្លួន។
ប្រភពបានបន្តថា នៅមុនពេលកើតហេតុកាលពីល្ងាចទី២៩ ខែមិថុនា ឆ្នាំ២០២៥ ជនរងគ្រោះឈ្មោះ ហម ឆងហេង (ហៅចយ) បានទូរស័ព្ទទៅជនសង្ស័យឈ្មោះ សុន ចិត្រ ដើម្បីឱ្យមកផឹកស៊ីជាមួយខ្លួន។
មួយសន្ទុះក្រោយមកឈ្មោះ សុន ចិត្រ ក៏បានមកដល់ និងផឹកស៊ីជាមួយជនរងគ្រោះតែ២នាក់ នៅកន្លែងកើតហេតុ ក្នុងនោះពួកគេបានបន្តផឹកស៊ីរហូតដល់យប់ជ្រៅអស់ស្រាចំនួន២លីត្រ និងស្រវឹងរៀងខ្លួនទើបឈានដល់ទំទាស់ពាក្យសម្ដីហើយជនរងគ្រោះក៏ចូលទៅក្នុងបន្ទប់ទឹកលុះចេញមកវិញស្រាប់តែជនដៃដល់ឈ្មោះ សុន ចិត្រ ទាញកាំបិតប៉័ងតោដែលនៅលើគ្រែមកកាប់ទៅលើជនរងគ្រោះចំក្បាល ត្រចៀកខាងឆ្វេងដាច់សាច់ហូរឈាមស្រោចខណៈនោះជនរងគ្រោះក៏បានរត់ចេញមកផ្លូវ និងស្រែកឱ្យអ្នកជិតខាងជួយបន្ទាប់មកក៏ផ្អើលឆោឡោជួយសង្គ្រោះជនរងគ្រោះ និងឈានដល់ឃាត់ខ្លួនជនដៃដល់បានផងដែរ។
បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកពារាំងចំណែកជនសង្ស័យត្រូវបានកម្លាំងជំនាញនាំយកទៅអធិការដ្ឋាននគរបាលស្រុកពារាំងដើម្បីកសាងសុំណុំរឿងចាត់ការតាមនីតិវិធី៕