
ឯកឧត្តម យូ សិរីវុឌ្ឍ អញ្ជើញជាអធិបតីភាពអបអរសាទរខួបអនុស្សាវរីយ៍ ៧៤ឆ្នាំ ថ្ងៃកំណើតបក្ស និងលើកឡើងពីសមិទ្ធផលជាច្រើនរបស់គណបក្សជូនសមាជិកនៅមូលដ្ឋានឃុំរកា
(ព្រៃវែង)៖ ឯកឧត្តម យូ សិរីវុឌ្ឍ ជាបេសកជនពិសេសរបស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំងនិងជាប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំរកា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ៧៤ឆ្នាំ ថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥)។ ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមក្រុមការងារអនុប្រធានក្រុមការងារ រដ្ឋបាលស្រុកពារាំង មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិទាំង៩ភូមិព្រមទាំង សមាជិក សមាជិកាប្រមាណ ៦០០ នាក់នៅក្នុងទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកពារាំង ខេត្តព្រៃវែង។
នាឱកាសនោះដែរ ឯកឧត្តម យូ សិរីវុឌ្ឍ បានលើកឡើងពីសមិទ្ធផលជាច្រើនរបស់គណបក្សប្រជាជនកម្ពុជាសម្រេចជូនជាតិកម្ពុជា។ ឯកឧត្តម បានបន្ថែមថាគណបក្សប្រជាជនកម្ពុជាគឺជាបង្អែកដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍជាតិតាំងពីអតីតកាល បច្ចុប្បន្នកាល និងថ្ងៃអនាគត។ ក្នុងរយៈពេលប្រមាណ ៤៦ឆ្នាំ ក្រោយវាយផ្តួលរំលំរបប ប៉ុល ពត ហើយនោះ ក្នុងតួនាទីជាគណបក្សដឹកនាំប្រទេស គណបក្សប្រជាជនកម្ពុជាបានសម្រេចស្នាដៃធំៗ ជាប្រវត្តិសាស្ដ្រជូនជាតិ។
ឯកឧត្តមបានថ្លែងថា រហូតមកដល់ពេលនេះគ្មានគណបក្សណាមួយអាចមកជំនួសគណបក្សប្រជាជនកម្ពុជាក្នុងតួនាទីស្នូលការពារសន្តិភាព អភិវឌ្ឍជាតិ ការពារប្រជាជនកម្ពុជា និងការពារបូរណភាពទឹកដីបានឡើយ។
បន្ថែមពីនេះ ឯកឧត្តម យូ សិរីវុឌ្ឍ បានបញ្ជាក់ថា ទោះយ៉ាងណាក៏ដោយនៅក្នុងដំណាក់កាលប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញនេះ គណបក្សប្រជាជនកម្ពុជាមិនបានបោះបង់ចោលនូវបុព្វហេតុរបស់ខ្លួននោះទេ។ ពោលគណបក្សប្រជាជនកម្ពុជាគឺជាគណបក្សមួយដែលនៅជាមួយប្រជាជន បង្កើតឡើងដោយប្រជាជន សម្រាប់ប្រជាជន និងដើម្បីប្រជាជន។
សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមានឈ្មោះដើមថា បក្សប្រជាជនបដិវត្ដន៍ខ្មែរ បានបដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានប្រភពពីចលនាតស៊ូរបស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។
ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួនគឺឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរាដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។ គណបក្សដែលបានសាងស្នាដៃ និងគុណបំណាច់ដ៏ឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជាមួយនេះគឺជាកម្លាំងនយោបាយតែមួយគត់ដែលបានក្រោកឈរតស៊ូហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដើម្បីបំផុស និងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេស វាយផ្ដូលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវចក្ខុវិស័យរបស់ខ្លួនដែលឆ្លើយតបទាំងស្រុងទៅនឹងបំណងប្រាថ្នារបស់ប្រជាជនគឺប្រមូលផ្ដុំកម្លាំងប្រជាជាតិខ្មែរទាំងមូលរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមដំបូងរដ្ឋធមនុញ្ញនៃព្រះរាជណាចក្រកម្ពុជាដើម្បីកសាង និងការពារមាតុភូមិឲ្យបានសម្បូររុងរឿង និងស្ថិតស្ថេរគង់វង្សក្នុងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម ប្រជាជនមានជីវភាពសមរម្យ ថ្លៃថ្នូរដែលចាកផុតពីភាពក្រីក្រ គ្រោះអវិជ្ជាជំងឺតម្កាត់នានា និងអំពើហិង្សាហើយរួមរស់នៅជាមួយគ្នាដោយសុខុដុមរមនាទាំងក្នុងគ្រួសារទាំងក្នុងសហគមន៍ និងទាំងក្នុងសង្គមជាតិ៕