
រដ្ឋបាលខេត្តកំពង់ចាមរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបៀបប្រើប្រាស់កម្មវិធី (App Nea Search) សម្រាប់រកការងារ កម្លាំងពលកម្ម និងព័ត៌មានទីផ្សារការងារ
(ខេត្តកំពង់ចាម)៖ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តកំពង់ចាមបានរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយពីរបៀបប្រើប្រាស់កម្មវិធី (App Nea Search) សម្រាប់រកការងារ កម្លាំងពលកម្ម និងព័ត៌មានទីផ្សារការងារក្រោមអធិបតីភាពលោក ផេន សុផល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពងចាម។ ពិធីនេះក៏មានការចូលរួមពីលោក លោកស្រីជាប្រធាន-អនុប្រធានមន្ទីរអង្គភាព លោក-លោកស្រី អភិបាលរងក្រុង/ស្រុក មេឃុំ/ចៅសង្កាត់ តំណាងក្រុមហ៊ុន Thaco Agri ខេត្តក្រចេះ តំបន់សេដ្ឋកិច្ចពិសេសមេតធេក ខេត្តស្វាយរៀង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតដែលរៀបចំឡើងនៅសាលប្រជុំធំសាលាខេត្តកំពង់ចាម។
លោក ផេន សុផល អភិបាលរងខេត្តបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងអាទិភាពគន្លឹះចំនួនប្រាំ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ដើម្បីឱ្យសម្រេចបាននូវគោលនយោបាយខាងលើរាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់អភិវឌ្ឍមូលធនមនុស្សតាមរយៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនឹងទទួលបានការងារនៅតាមគ្រឹះស្ថាន រោងចក្រ សហគ្រាសនានា។
លោកអភិបាលរងខេត្តបានមានប្រសាសន៍បន្តថា ក្នុងរយៈពេលកន្លងមកនេះឃើញថា ប្រទេសកម្ពុជាមានអ្នកវិនិយោគជាតិ និងអន្តរជាតិជាច្រើនមកបណ្តាក់ទុនបើករោងចក្រ សហគ្រាស គ្រឹះស្ថានជាច្រើនកន្លែង ដែលអាចឱ្យប្រជាពលរដ្ឋទទួលបានការងារធ្វើជាច្រើនផងដែរ។ ទន្ទឹមនេះរោងចក្រ សហគ្រាស គ្រឹះស្ថានក៏ត្រូវការកម្លាំងពលកម្មបន្ថែមទៀតដើម្បីបំពេញតម្រូវការទីផ្សារការងារជាក់ស្តែងគិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ត្រូវការកម្លាំងពលកម្មជាង២៥ម៉ឺនកន្លែង។
លោកអភិបាលរងខេត្តបានគូសបញ្ជាក់ថា សម្រាប់ខេត្តកំពង់ចាមបានត្រៀមវគ្គបណ្តុះបណ្តាល និងជ្រើសរើសកម្លាំងពលកម្ម ១៣,២០៦កន្លែង ដោយឡែកក្រុមហ៊ុន THACO AGRI នៅស្រុកស្នួល ខេត្តក្រចេះ ត្រូវការកម្លាំងពលកម្មចំនួន៧០០០កន្លែង និងតំបន់សេដ្ឋកិច្ចពិសេស មេតធេក ខេត្តស្វាយរៀង ត្រូវការកម្លាំងពលកម្ម ៣០០០កន្លែងបានស្នើសុំកម្លាំងពលកម្មពីខេត្តកំពង់ចាមផងដែរ។
យកឱកាសនោះដែរ លោកអភិបាលរងខេត្តក៏បានស្នើដល់ស្ថាប័នពាក់ព័ន្ធ សូមបង្កើតក្រុមការងារចុះផ្សព្វផ្សាយពីការជ្រើសរើសកម្លាំងពលកម្មសម្រាប់សហគ្រាស គ្រឹះស្ថានដែលកំពុងមានតម្រូវការកម្លាំងពលកម្ម ដោយចងក្រងនូវស្ថិតិគ្រប់ភូមិអំពីចំនួនប្រជាពលរដ្ឋដែលចង់ស្វែងរកការងារធ្វើដើម្បីបង្កើតជាមូលដ្ឋានទិន្ន័យមួយច្បាស់លាស់ងាយស្រួលក្នុងការផ្គូផ្គងការងារទៅនឹងតម្រូវការជ្រើសរើសកម្លាំងពលកម្មរបស់និយោជក។
បើតាមរបាយការណ៍លោក ចេង ហ៊ាង ប្រធានមន្ទីរការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្តបានឱ្យដឹងថា តាមបណ្ដារោងចក្រសហគ្រាសក្នុងខេត្តមានកន្លែងទំនេរសរុប ១៣,២០៦កន្លែងដែលទទួលបានប្រាក់ឈ្នួលចាប់ពី ២២៥ដុល្លារ ដល់ ១,០០០ដុល្លារក្នុងមួយខែដែលមានដូចជា ផ្នែកឧស្សាហកម្ម ៥,៥៧០កន្លែង, កសិកម្ម ៧,៦០២កន្លែង និងសេវាកម្ម៣៤កន្លែងក្នុងនោះតំបន់សេដ្ឋកិច្ចពិសេស មេតផេក ស្វាយរៀង ៣,០០០កន្លែង និងក្រុមហ៊ុន thaco agri នៅស្រុកស្នួល ខេត្តក្រចេះ ចំនួន៧,០០០កន្លែងបានស្នើមកក្រុមការងារថ្នាក់ខេត្តឱ្យជួយរកកម្មករផងដែរ៕