ឯកឧត្ដម ម៉ែន សាម៉ន ជំរុញដល់មន្រ្តីនៃមន្ទីរព័ត៌មានខេត្តព្រៃវែងត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងយុគសម័យឌីជីថល

(ព្រៃវែង)៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ មន្ទីរព័ត៌មានខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ និងឆមាសទី១ ឆ្នាំ ២០២៥ ដោយមានការអញ្ជើញចូលរួមជាអធិបតីឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានមានប្រសាសន៍ជំរុញដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តព្រៃវែងទាំងអស់ត្រូវបន្តខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀតដើម្បីធ្វើយ៉ាងណាឆ្លើយតបទៅនឹងយុគសម័យឌីជីថលស្របទៅតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍន៍រីកចម្រើនលើបច្ចេកវិទ្យាថ្មីៗជាច្រើននៅលើពិភពលោកដែលកំពុងតែវិវឌ្ឍន៍ជាបន្តបន្ទាប់នេះ។

ឯកឧត្តម អនុរដ្ឋលេខាធិការក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ត្រីទាំងអស់ និងក្រុមការងារព័ត៌មាន និងសាធារណៈមតិដែលបានយកចិត្តទុកដាក់អនុវត្តនៅតួនាទីភារកិច្ចរបស់ខ្លួនទទួលបាននូវលទ្ធផលល្អប្រសើរនាពេលកន្លងមក។ ឯកឧត្តមក៏បានបញ្ជាក់ថា កាលពីមុនមន្ទីរព័ត៌មានមិនសូវមានអ្នកស្គាល់នោះទេ តែបច្ចុប្បន្ន មន្ទីរព័ត៌មានត្រូវបានគេទទួលស្គាល់តាមរយៈការខិតខំប្រឹងប្រែងផលិតព័ត៌មាននៅតាមបណ្ដាក្រុង ស្រុក ឃុំ សង្កាត់ លើគ្រប់វិស័យទាំងអស់ដើម្បីបង្ហាញឱ្យសាធារណជនបានឃើញពីភាពរីកចម្រើនអភិវឌ្ឍន៍ជាបន្តបន្ទាប់ និងបានគ្រប់គ្រងព័ត៌មានសាធារណៈមតិបានល្អដោយបានធ្វើការបកស្រាយនៅព័ត៌មានក្លែងក្លាយបំភ្លើសបំភ្លៃបានទាន់ពេលវេលា។

ឯកឧត្តមក៏បានបន្ថែមទៀតថា ក្រសួងក៏បានបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពធនធានមនុស្សដល់មន្ត្រីព័ត៌មានក្នុងការងារព័ត៌មានកន្លងមកហើយក្រសួងនៅតែបន្តរៀបចំវគ្គបណ្ដុះបណ្ដាលដល់មន្ទីរព័ត៌មានទាំង ២៥ រាជធានី-ខេត្តដើម្បីឱ្យមានធនធានគ្រប់គ្រាន់ក្នុងការបំពេញតួនាទីភារកិច្ចឱ្យទទួលបានជោគជ័យ។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំមន្ត្រីទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងបន្តទៀតជាពិសេសសាមគ្គីភាពឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំដើម្បីបន្តដឹកនាំវិស័យព័ត៌មាននៅក្នុងខេត្តឱ្យបានរីកចម្រើនជាបន្តទៀត៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare