លោកស្រី ហ៊ន សុធារី អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារមន្ទីរពេទ្យបង្អែកបាភ្នំ ១ខ្នង កម្ពស់ ៥ជាន់ដើម្បីបំពេញតម្រូវការដល់ប្រជាពលរដ្ឋមកទទូលសេវា

(ព្រៃវែង)៖ មន្ទីរពេទ្យបង្អែកស្រុកបាភ្នំបានរៀបចំក្រុងពលីបញ្ចុះបឋមសិលាសាងសង់អគារ មន្ទីរពេទ្យ ១ខ្នង កម្ពស់ ៥ជាន់ មានទទឹង ១៨ ម៉ែត្រ បណ្តោយ ៣១ម៉ែត្រ នៅលើដីទំហំ ៤.០០០ ម៉ែត្រការ៉េដែលជាជំនួយសប្បុរធម៌របស់ក្រុមហ៊ុន និង សារិន មានសំណាង អ៊ិនវេសមិន អេនខន ស្ត្រាក់សិន អ៊ីមផត អិចផត ឯ.ក ដោយមានការអញ្ជើញចូលរួមពីលោកស្រី ហ៊ន សុធារី អភិបាលរងខេត្ត តំណាងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង។

លោកស្រីអភិបាលរងខេត្តបានមានប្រសាសន៍ថា ចំពោះពិធីបញ្ចុះបឋមសិលា សាងសង់អគារ មន្ទីរពេទ្យបង្អែកបាភ្នំថ្មីដែលជាជំនួយសប្បុរធម៌ របស់ក្រុមហ៊ុន និង សារិន មានសំណាង អ៊ិនវេសមិន អេនខន ស្ត្រាក់សិន អ៊ីមផត អិចផត ឯ.ក គឺជាចំណងដៃថ្មីដើម្បីឆ្លើយតបទៅនឹងចំនួនប្រជាពលរដ្ឋក្នុងស្រុកបាភ្នំដែលមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងបានរួមចំណែកដ៏ថ្លៃថ្លាក្នុងការជួយលើកកម្ពស់ដល់សុខមាលភាព រស់នៅរបស់ប្រជាពលរដ្ឋក៏ដូចជាគុណភាពនៃវិស័យសុខាភិបាលនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដោយបានចាត់ទុកការអភិវឌ្ឍនវិស័យសុខាភិបាលជាអាទិភាពទី១។

លោកស្រីអភិបាលរងខេត្តក៏កោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកបាភ្នំរួមទាំងគ្រូពេទ្យទាំងអស់បានយកចិត្តទុកដាក់រួមសហការគ្នាក្នុងការពិនិត្យព្យាលជំងឺជូនប្រជាពលរដ្ឋដែលបានធ្វើឱ្យមន្ទីរពេទ្យបង្អែកបាភ្នំមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ពង្រីកនិងពង្រឹងសកម្មភាពគ្រប់គ្រងការផ្តល់សេវារបស់ខ្លួនបានល្អប្រសើរ។

លោកស្រីអភិបាលរងខេត្តក៏បានផ្តល់អំណោយដល់ប្រជាពលរដ្ឋចំនួន ៣០០ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ៥០គីឡូ,ទឹកត្រីមួយយួរ, ទឹកស៊ីអ៊ីវមួយយួរ, មីមួយកេស និងបានអញ្ជើញបញ្ចុះបឋមសិលាដាក់ឱ្យដំណើរការសាងសង់អគារមន្ទីរពេទ្យបង្អែកបាភ្នំនោះផងដែរ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare