វេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានាដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ច រដ្ឋបាលខេត្តព្រៃវែង

(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែងបានរៀបចំវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានាដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ច រដ្ឋបាលខេត្តព្រៃវែងដោយមានការអញ្ជើញជាអធិបតី លោក អន ភារៈ អភិបាលរងខេត្ត តំណាងឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងព្រមទាំងមានការអញ្ជើញចូលរួមរដ្ឋបាលក្រុង-ស្រុក ឃុំ ចៅសង្កាត់ មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត អង្គការសង្គមស៊ីវិល សមាគម និងសហគមន៍នានាក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយអង្គការមិនមែនរដ្ឋាភិបាល សមាគម សហគមន៍ដែលធ្វើប្រតិបត្តិការក្នុងខេត្តព្រៃវែង។

លោក អន ភារៈ អភិបាលរងខេត្តបានលើកឡើងថា តាមរយៈការអនុវត្តយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាលកន្លងមក រាជរដ្ឋាភិបាលសម្រេចបាននូវស្ថេរភាព នយោបាយ កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍធនធានមនុស្ស និងការកាត់បន្ថយភាពក្រីក្រជំរុញឱ្យប្រទេសកម្ពុជាក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតទាប នៅឆ្នាំ២០១៥ ហើយឈានឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីសម្រេចឱ្យបាននូវគោលដៅនេះកំណែទម្រង់នានាជាច្រើនត្រូវបានរៀបចំឡើង និងកំពុងជំរុញការអនុវត្តពិសេសយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នីតិកាលទី៧នៃរដ្ឋសភាដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ទន្ទឹមគ្នានេះផង ផងដែរ ឯកសារទស្សនទាន និងគោលនយោបាយនានាតែងបានរំលេចនូវតួអង្គអភិវឌ្ឍន៍ទាំងអស់ដែលមិនអាចខ្វះបានហើយក្នុងនោះមានរួមបញ្ជូនតួនាទីរបស់អង្គការសង្គមស៊ីវិលផងដែរ។

លោកអភិបាលរងខេត្តបន្តថា អង្គការសង្គមស៊ីវិលដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ និងគាំទ្រដល់សេវាសង្គមនៅតាមមូលដ្ឋានជនបទ និង សហគមន៍ដាច់ស្រយ៉ាល និងធ្វើសកម្មភាពនៅក្នុងវិស័យសំខាន់ៗដែលពាក់ព័ន្ធនិងសេដ្ឋកិច្ច សង្គមនៅក្នុងប្រទេសកម្ពុជា។ អង្គការសង្គមស៊ីវិលក៏បានចូលរួមក្នុងការតស៊ូមតិឱ្យមានកំណែទម្រង់ជាតិដើម្បីលើកកម្ពស់សុខភាព ការអប់រំ អភិបាលកិច្ច សិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌ ច្បាប់ សេវាសង្គម បរិស្ថាន សុខុមាលភាពស្ត្រី និងកុមារ។ ដោយមើលឃើញតួអង្គដ៏សំខាន់មិនអាចខ្វះបាននៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំលេខ ០៤០ សណន ស្តីពីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកព្រមទាំងសហគមន៍នានានៅមូលដ្ឋាន បន្ថែមពីលើសេចក្តីណែនាំ ថ្មីៗនេះ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃបានចេញសេចក្តីជូនដំណឹងលេខ ៦៥៨ សជណដល់រដ្ឋបាលរាជធានី-ខេត្តឱ្យពង្រឹង និងចាត់ចែងរៀបចំវេទិកាពិគ្រោះយោបល់ ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានាដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចរាជធានី ខេត្តសាម៉ីនីមួយៗ ដូច្នេះកិច្ចប្រជុំថ្ងៃនេះជាបរិយាកាសដ៏ថ្លៃថ្លាមួយសម្រាប់យើងទាំងអស់គ្នាបានជួបជុំដើម្បីឆ្លុះបញ្ចាំងលទ្ធផលដែលបានអនុវត្ត និងជជែកគ្នាត្រង់ទៅត្រង់មកដើម្បីស្វែងរកដំណោះស្រាយ និងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូប្រកបដោយបរិយាបន្ន និងសាមគ្គីភាពរវាងរដ្ឋបាលខេត្ត និងសមាគម អង្គការសង្គមស៊ីវិល សហគមន៍ដែលកំពុងធ្វើប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តព្រៃវែង។

ជាថ្មីម្តងទៀត លោកអភិបាលរងខេត្តក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូរអភិវឌ្ឍន៍ សមាគម អង្គការសង្គមស៊ីវិល និងសហគមន៍ទាំងអស់ដែលបានចូលរួមចំណែក សកម្មភាពជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសរដ្ឋបាលខេត្តព្រៃវែងកន្លងមកដោយបានផ្តល់នូវការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសជាច្រើនក្នុងការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានខេត្តព្រៃវែង៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare