សហគមន៍ទួលត្រពាំងស្រស់បំព្រងគឺជាសហគមន៍មួយដែលដាំបន្លែធម្មជាតិគ្រប់មុខស្ថិតនៅស្រុកកញ្ជ្រៀច ខេត្តព្រៃវែង
(ខេត្តព្រៃវែង)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងឃុំគោកគង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បានប្រកបរបរដាំបន្លែបែបធម្មជាតិជាច្រើនមុខដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ និងដើម្បីសុខភាព។
លោក អ៊ាត អាត ជាប្រធានសហគមន៍ទួលត្រពាំងស្រស់បំព្រងបានលើកឡើងថា សហគមន៍របស់គាត់គឺបានកើតឡើងតាំងពីចុងឆ្នាំ២០២០ មកម្ល៉េះហើយចំពោះដីដាំបន្លែនេះគឺមានទំហំ ៤ហិចតាកន្លះ ក្នុងនោះក៏មានដាំបន្លែស្លឹក និងបន្លែផ្លែជាច្រើនមុខដូចជា ស្ពៃចង្កឹះ, ស្ពៃតឿ,ខាត់ណាដើម,ស្ពៃជ្រក់,សាឡាត់ បើចំពោះបន្លែផ្លែវិញក៏មានច្រើនមុខដែរដូចជា ត្រសក់ទ្រើង,ត្រសក់ស្រូវ,ននោង,ត្រឡាច,ម្រះ,ល្ហុង…។
លោក អ៊ាត អាត បានបន្តទៀតថា ក្នុងសហគមន៍របស់គាត់មានប្រជាពលរដ្ឋចំនួន៨៣គ្រួសារប៉ុន្តែបើអ្នកដាំបន្លែវិញមានចំនួនតែ៥៦គ្រួសារប៉ុណ្ណោះ។ ចំពោះបន្លែដែលដាំបានល្មមដល់ថ្ងៃកាត់លក់គឺតែងតែមានឈ្មួញនៅតាមបណ្តាផ្សារក្នុងស្រុកជាច្រើនទទួលទិញពីពួកគាត់ដូច្នេះការដាំបន្លែនេះមិនពិបាករកទីផ្សារទេសំខាន់ឱ្យតែយើងឧស្សាហ៍។
លោកប្រធានសហគមន៍បានបន្ថែមទៀតថា ការដាំបន្លែបែបធម្មជាតិនេះគឺបានផ្តល់ផលប្រយោជន៍ជាច្រើនដូចជា ធ្វើឱ្យសុខភាពរឹងមាំល្អមិនមានជាតិគីមី និងធ្វើឱ្យជីវភាពក្នុងគ្រួសាររស់ស្រួលដោយមិនមានការខ្វះខាត (សូមស្តាប់ការលើកឡើងរបស់លោក អ៊ាត អាត ដូចតទៅ)