ACU បើកការស៊ើបអង្កេតលោក ស៊ាន បូរ៉ាត និងឧត្តមសេនីយ៍ឯក ស ថាវី ពាក់ព័ន្ធជាមួយសំណុំរឿងអតីតឧកញ៉ា ឡេង ចាន់ណា

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានបើកការស៊ើបអង្កេតទៅលើលោក ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិដែលពាក់ព័ន្ធនឹងសំណុំរឿងជាមួយអតីតឧកញ៉ា ឡេង ចាន់ណា ករណីឆបោកទ្រង់ទ្រាយធំនៅខេត្តកំពង់ធំ និងខេត្តសៀមរាបដែលមានអ្នកចាញ់បោករាប់ពាន់នាក់ និងគិតជាទឹកប្រាក់រាប់លានដុល្លារ។

អង្គភាពប្រឆាំងអំពើពុកលួយតាមរយៈក្រុមស៊ើបអង្កេតផ្ទៃក្នុងបានបើកការស៊ើបអង្កេតលើអនុប្រធានអង្គភាពប្រឆាំងពុករលួយគឺលោក ស៊ាន បូរ៉ាត និងលោកឧត្តមសេនីយ៍ឯក ស ថាវី ដែលបានជាប់ពាក់ព័ន្ធជាមួយសំណុំរឿងអតីតឧកញ៉ា ឡេង ចាន់ណា។

សូមបញ្ជាក់ថា ស្របជាមួយគ្នានេះតុលាការខេត្តសៀមរាបក៏បានបញ្ជូនសំណុំរឿងករណីអតីតឧកញ៉ាគឺអ្នកស្រី ឡេង ចាន់ណា និងបក្សពួកចំនួន៣២ សំណុំរឿងមកអង្គភាពប្រឆាំងអំពើពុករលួយផងដែរហើយតុលាការបានខិតខំធ្វើការយ៉ាងម៉ត់ចត់អស់រយៈពេលជិតពីរឆ្នាំមកនេះ។

សំណុំរឿងទាំង ៣២នេះ មានទាំងអស់ ២៤.៨៥២ទំព័រ (អង្គភាពចាត់មន្ត្រី១០រូបអានឯកសារទាំងនេះមួយខែបានចប់) ហើយតួអង្គ ស៊ាន បូរ៉ាត់ និង ស ថាវី នៅដំណាក់កាលតុលាការខេត្តសៀមរាបគឺជាសាក្សី។

រីឯក្នុងសំណុំរឿងបើកការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយលើ ស៊ាន បូរ៉ាត និងស ថាវី វិញ អ្នកទាំងពីរនេះមិនមែនជាអ្នកសាក្សីទេ គឺជាជនសង្ស័យនៃសំណុំរឿង៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare