ឯកឧត្តម នេត្រ ភក្ត្រា លើកទឹកចិត្តមន្ត្រី និងពលរដ្ឋមានសុខភាពល្អចូលរួមបរិច្ចាគឈាម ការបរិច្ចាគឈាមមិនមែនត្រឹមតែជាសកម្មភាពមនុស្សធម៌ទេតែជាការធ្វើបុណ្យដ៏ជ្រះថ្លាសម្រាប់ជួយសង្គ្រោះជីវិតរបស់មនុស្ស

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកទឹកចិត្តដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋដែលមានសុខភាពល្អ សូមចូលរួមបរិច្ចាគឈាមទាំងអស់គ្នា ចំពោះការបរិច្ចាគឈាមនេះមិនមែនត្រឹមតែជាសកម្មភាពមនុស្សធម៌តែមួយប៉ុណ្ណោះទេប៉ុន្តែជាការធ្វើបុណ្យមួយដ៏មានសទ្ធាជ្រះថ្លាដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺដែលកំពុងត្រូវការឈាមជាចាំបាច់។

ការលើកទឹកចិត្តបែបនេះរបស់ឯកឧត្តម នេត្រ ភក្ត្រា បានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មានបានដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មានរួមគ្នាបរិច្ចាគឈាមក្រោមប្រធានបទ «មន្ត្រីក្រសួងព័ត៌មាន រួមគ្នាបរិច្ចាគឈាមដើម្បីជួយសង្គ្រោះជីវិតមនុស្ស»។ ការបរិច្ចាគឈាមធ្វើឡើងនៅក្នុងគោលបំណងចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា បុគ្គលដែលបានផ្តល់ឈាមជួយសង្គ្រោះអាយុជីវិតមនុស្សគឺមានអារម្មណ៍ជ្រះថ្លាហើយការបរិច្ចាគឈាមមិនមែនត្រឹមជាការងារមនុស្សធម៌នោះទេប៉ុន្តែជាការលះបង់សាច់ស្រស់ ឈាមស្រស់ដើម្បីយកទៅជួយសង្គ្រោះអាយុជីវិតមនុស្សបាន។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ការចូលរួមបរិច្ចាគឈាមតាមវេជ្ជបញ្ជាគឺធ្វើឱ្យមានសុខភាពល្អ និងជួយបង្ការនូវជំងឺមួយចំនួនផងដែរ។ ដូច្នេះ សូមអំពាវនាវមន្ត្រីរាជការ និងប្រជាពលរដ្ឋបន្តបរិច្ចាគឈាមតាមការកំណត់ និងតាមការស្ម័គ្រចិត្តឱ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា​ បានបន្ថែមថា ការផ្តល់ឈាម ជាការធ្វើបុណ្យមួយដ៏មានសទ្ធាជ្រះថ្លា ឈាមរបស់យើងដែលផ្តល់ឱ្យ មានន័យថា ជីវិតដូច្នេះការចូលរួមបរិច្ចាគឈាមគឺជាសកម្មភាពមនុស្សធម៌មួយដែលបានចូលរួមជួយជីវិតរបស់មនុស្សតែម្តង។ ខណៈតម្រូវការឈាមសម្រាប់ជួយសង្គ្រោះជីវិតរបស់មនុស្សប្រចាំថ្ងៃកាន់តែច្រើនឡើង និងជារឿងដែលចាំបាច់ផងដែរ។

ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា បើនិយាយតាមធម៌ព្រះពុទ្ធវិញ ការធ្វើទានតាមរយៈការផ្តល់ឈាមជាអានិសង្ឃមួយខ្ពស់​ដែលបានចូលរួមផ្តល់ជីវិតដល់ជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់សម្រាប់សង្គ្រោះជីវិតចេញពីមច្ចុរាជ។ លោកជឿជាក់ថា បុគ្គលដែលបានចូលរួមបរិច្ចាគឈាម នឹងមានអារម្មណ៍ជ្រះថ្លា និងបញ្ជាក់ថាខ្លួនមិនបានស្តាយក្រោយនោះទេ ចំពោះការសម្រេចចិត្តផ្តល់ឈាមរបស់ខ្លួនពីព្រោះឈាមដែលបានដែលបានបរិច្ចាគគឺជាការជួយសង្គ្រោះអាយុជីវិតរបស់មនុស្ស ការធ្វើបុណ្យអ្វីក៏ដោយ គឺមិនស្មើនឹងការជួយសង្គ្រោះជីវិតមនុស្សនោះទេ។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៃក្រសួងសុខាភិបាលបានឱ្យដឹងថា តម្រូវការឈាមក្នុងឆ្នាំ២០២៤កន្លងមក មជ្ឈមណ្ឌលត្រូវការឈាមមួយប្លោកដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់ ៥នាទីម្តង តម្រូវការឈាមប្រចាំថ្ងៃសរុបមានជាង៣០០ ទៅ៣៥០ប្លោក នៅរាជធានីភ្នំពេញ។ តម្រូវការទូទាំងប្រទេសមានប្រមាណជិត១៤៣,១៤៣ប្លោកហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានគ្របដណ្តប់ជាង ៧៥% នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបន្ថែមថា ប៉ុន្តែការទទួលអំណោយឈាមតាមរយៈសប្បុរសជនដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃឆ្លើយតបបានតែ ២៥% នៃតម្រូវការក្នុងប្រទេសយើងតែប៉ុណ្ណោះក្នុងខណៈដែលប្រទេសជិតខាង ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តអាចផ្គត់ផ្គង់រហូតដល់លើសពី ៩០%នៃតម្រូវការនេះបើយោងតាមទិន្នន័យរបស់អង្គការសុខភាព ពិភពលោក។ លោកវេជ្ជបណ្ឌិតបានជម្រាបជូនបន្តថា ការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេហើយឈាមមានប្រភពតែមួយគត់គឺពីមនុស្ស មិនមានរោងចក្រណាអាចផលិតបានទេ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare