
គណៈកម្មអន្តរក្រសួងចុះពិនិត្យផ្លូវបេតុង ផ្លូវក្រាលដីល្បាយគ្រួស និងលូ នៅខេត្តព្រៃវែង កំពង់ចាម និងខេត្តកណ្តាល
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួងរួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្រ្តីពាក់ព័ន្ធចុះត្រួតពិនិត្យ វាយតម្លៃលើការងារស្ថាបនាផ្លូវបេតុង ផ្លូវក្រាលដីល្បាយគ្រួស និងការសាងសង់លូប្រអប់មុខចំនួន១កន្លែង នៅខេត្តព្រៃវែង ខេត្តកំពង់ចាម និងខេត្តកណ្តាល។
គម្រោងទាំង៣នេះរួមមាន៖
ទី១. ការងារសាងសង់លូប្រអប់ នៅភូមិស្វាយ និងភូមិព្រៃក្រឡាញ់តូច ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។
ទី២. ការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ៨,៣០០ម៉ែត្រ និងលូប្រអប់ចាប់ពីភូមិតារៀម ភូមិអូរពពេល ទៅភូមិស្វាយផ្អែម ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ទី៣. ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ១០ខ្សែ និងប្រព័ន្ធលូនៅភូមិស្វាយជ្រុំ ភូមិឡឥដ្ឋ និងភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ប្រើប្រាស់ថវិកាជំពូក២១ ដែលដឹកនាំដោយឧត្តមសេនីយ៍ទោ សោម សុដេត នាយករង នាយកដ្ឋានវិស្វកម្ម។
ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត បានមានប្រសាសន៍ថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងជំរុញការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ ឬបេតុង ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ពលរដ្ឋ កាត់បន្ថយពេលវេលា និងកាត់បន្ថយចំណាយលើការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗនៅជនបទ។
ឯកឧត្តមបានបន្តថា បញ្ហានេះក្រសួងបាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងសមត្ថភាពជំនាញក្នុងគោលដៅបង្កើនគុណភាព និងធានាចីរភាពផ្លូវជនបទព្រោះជនបទមានសារសំខាន់ក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅជនបទជាពិសេសការកាត់បន្ថយគម្លាតតំបន់ជនបទ និងទីក្រុង។ ជាក់ស្តែងជុំវិញផ្លូវជនបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទកំពុងប្រែក្លាយផ្លូវក្រាលក្រួសជាច្រើនខ្សែទៅជាផ្លូវក្រាលកៅស៊ូ ផ្លូវបេតុង សំដៅធានាបានការប្រើប្រាស់យូរអង្វែងដើម្បីជំរុញដំណើរអន្តរកម្ម ផ្នែកសង្គម-សេដ្ឋកិច្ច និងការផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទ និងទីប្រជុំជន។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាដងផ្លូវ សូមចូលរួមជួយថែទាំផ្លូវ និងសូមកុំដឹកជញ្ជូនលើសទម្ងន់ និងសូមកុំបោះចោលសំរាមនៅតាមមាត់លូដែលជាមូលហេតុនាំឱ្យស្ទះលូនៅរដូវវស្សាដែលជាមូលហេតុមួយនាំឱ្យផ្លូវឆាប់ខូចជាដើម។
ជាមួយនោះ គណៈកម្មការអន្តរក្រសួងក៏បានស្តាប់នូវសំណូមពររបស់ពលរដ្ឋក្នុងការស្នើសុំបន្តអភិវឌ្ឍន៍បន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន និងការដាក់លូដើម្បីផ្តល់ភាពងាយស្រួលដល់ពួកគាត់អាចដឹកជញ្ជូនកសិផល និងធ្វើដំណើរជាដើម៕