
ប្រាសាទព្រៃដើមស្រុកគឺជាប្រាសាទបុរាណមួយដែលមានវ័យចំណាស់ ហើយក៏មិនងាយមានអ្នកស្គាល់
(ខេត្តព្រៃវែង)៖ បើយើងធ្វើដំណើរពីភ្នំពេញឆ្ពោះទៅប្រាសាទព្រៃដើមស្រុកគឺមានចំងាយ៧០គីឡូម៉ែត្រ ដោយធ្វើដំណើរកាត់តាមផ្លូវជាតិលេខ8A មកដល់ឃុំព្រៃព្នៅ ស្រុកពារាំង បន្ទាប់មកបត់ឆ្វេងចម្ងាយ១៥គីឡូម៉ែត្រ នឹងទៅដល់ភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ទីនោះហើយគឺជាទីតាំងប្រាសាទព្រៃដើមស្រុកតែបើយើងធ្វើដំណើរពីក្រុងព្រៃវែងគឺមានចម្ងាយតែ៣៨គីឡូម៉ែត្រតែប៉ុណ្ណោះនិងដល់ទីតាំងប្រាសាទព្រៃដើមស្រុកតែម្តង។
ប្រាសាទព្រៃដើមស្រុកមានទីតាំងស្ថិតនៅភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្ដាល មានចម្ងាយប្រមាណ ៣៨គីឡូម៉ែត្រពីទីរួមខេត្តព្រៃវែង។ ប្រាសាទបុរាណមួយនេះ កសាងឡើងអំពីឥដ្ឋបួនជ្រុងកម្ពស់ ៧ម៉ែត្រ មានសណ្ឋានជាស្តូប ទំហំ៥ម៉ែត្រ កសាងឡើងប្រហែលក្នុងសតវត្សទី១៧ ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី៤ តែមិនសូវមានអ្នកស្គាល់ទេព្រោះប្រាសាទមួយនេះហាក់លាក់ខ្លួនក្នុងព្រៃអញ្ចឹង។
បើយោងតាមការលើកឡើងរបស់អ៊ុំស្រីម្នាក់ឈ្មោះ ស៊ីថា មានអាយុ៦៣ឆ្នាំ បានឱ្យដឹងថា គាត់មករស់នៅទីនេះតាំងពីឆ្នាំ១៩៨២មកម្ល៉េះហើយគាត់តែងតែដំណាក់ធម៌នៅទីនេះព្រោះមានសភាពស្ងប់ស្ងាត់ល្អ ពោរពេញទៅដោយធម្មជាតិ មានខ្យល់បរិសុទ្ធល្អបើចំពោះអ្នកចង់ប្រត្តិបត្តិធម៌ឬចង់មកស្រូបយកខ្យល់បរិសុទ្ធបែបធម្មជាតិនោះគឺកាន់តែប្រសើរ។
អ៊ុំស្រី ស៊ីថា បានបន្តទៀតថា កាលពីមុនមកជុំវិញប្រាសាទនេះគឺពោរពេញទៅដោយព្រៃស្តុក និងមានស្រះទឹកចំនួនប្រាំនៅជុំវិញបរិវេណប្រាសាទនេះដែលជាហេតុបង្កលក្ខណ:ឱ្យទីតាំងប្រាសាទនេះមានភាពស្រស់បំព្រង ពោរពេញទៅដោយធម្មជាតិលុះមកដល់បច្ចុប្បន្ននេះ ដោយសារតែមានការថែទាំពីសំណាក់អាជ្ញាធរខេត្តផង និងពួកគាត់ដែលមកដំណាក់ធម៌នៅទីនេះផងទើបធ្វើឱ្យបរិវេណប្រាសាទមួយនេះកាន់តែមានភាពស្រស់ស្អាតជាងមុនទៅទៀតតែបើនិយាយពីតួប្រាសាទវិញគឺមានសភាពពុកផុយខ្លះៗហើយព្រោះប្រាសាទនេះមានអាយុកាលរាប់រយឆ្នាំមកហើយ។
អ៊ុំស្រី ស៊ីថា បានបន្ថែមទៀតថា ប្រាសាទព្រៃដើមស្រុកឥឡូវនេះមិនស្ងាត់ដូចកាលពីមុនពេកទេព្រោះរាល់ពេលមានកម្មវិធីបុណ្យទានដូចជា ចូលឆ្នាំ ភ្ជុំ ថ្ងៃសីល ឬថ្ងៃសៅរ៍ អាទិត្យដែលជាថ្ងៃដែលបងប្អូនប្រជាពលរដ្ឋឈប់សម្រាកគឺតែងតែមានពួកគាត់មកអង្គុយលេងលំហែជុំវិញបរិវេណប្រាសាទក៏ដូចជាតាមមាត់ស្រះទឹកនៅជុំវិញប្រាសាទនេះផងដែរ (ពោលគឺមិនស្ងាត់ដូចមុនពេកទេ) ព្រោះបច្ចុប្បន្ននេះមានប្រព័ន្ធផ្សព្វផ្សាយច្រើន និងមានការអភិរក្សពីអាជ្ញាធរមូលដ្ឋានជាពិសេសអាជ្ញាធរខេត្តព្រៃវែង។
ជាចុងក្រោយក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងក្នុងស្រុក និងក្រៅស្រុក សូមមកទស្សនាកម្សាន្តនិងមកស្រូបយកខ្យល់បរិសុទ្ធនៅប្រាសាទព្រៃដើមស្រុក និងជាពិសេសសូមជួយផ្សព្វផ្សាយបន្តឱ្យបានច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តជាពិសេសដើម្បីស្វែងយល់អំពីស្នាដៃដូនតាខ្មែររបស់យើងទាំងអស់គ្នា៕