ល្បែងស៊ីសង(ហ្គេមបាញ់ត្រី) មួយកន្លែងនៅក្បែរអាងហែលទឹករបស់លោក អ៊ុយ ឆាយ មិនឃើញសមត្ថកិច្ចចុះបង្កាប


ក្រុងប៉ោយប៉ែត៖ សព្វថ្ងៃគេសង្កេតឃើញមានទីតាំងល្បែងសុីសង(ហ្គេមបាញ់ត្រី)បើកលេងយ៉ាងរលូនឋិតក្នុងភូមិក្បាលស្ពាន ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅក្បែរ អាងហែលទឹក របស់លោក អ៊ុយ ឆាយ បើកលេងឡើងដុះស្លែយូណាស់ហើយ តាមប្រភពពីពលរដ្ឋរស់នៅក្បែរទីតាំងល្បែងខាងលើនេះបានឱ្យសារព័ត៌មានគេហទំព័រ រស្មី ជាយដែន យើងដឹងថាមេម្ចាស់បន់ល្បែង គឺ ជាមានរិទ្ធ មានអំណាច នៅក្នុងក្រុងប៉ោយប៉ែត (សូមលាក់ឈ្មោះសិន)។

ពលរដ្ឋសូមសំណូមពរលោក គាត់ ហ៊ុល អភិបាល នៃ ខណ:អភិបាលក្រុងប៉ោយប៉ែត និងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ដែលទើបឡើងកាន់ដំណែងថ្មី សូមលោកមេត្តាចាត់កម្លាំងជំនាញដើម្បីចុះស៊ើបអង្កេតបង្ក្រាបល្បែងស៊ីសងខាងលើនេះផងចុះ ព្រោះអីប្រជាពលរដ្ឋមានការព្រួយបារម្ភភ័យខ្លាច វាគឺជាប្រភពបង្កើតអោយមានអសន្តិសុខសង្គម បទល្មើសលួច ឆក់ប្លន់ គ្រឿងញៀន អំពើហិង្សារក្នុងគ្រួសារ ដែលកើតចេញមកពីការចាញ់ល្បែងស៊ីសងខាងលើនោះ។

គួរបញ្ជាក់ថា៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាតឹងរ៉ឹង ដល់គ្រប់ខេត្ត-រាជធានីទូទាំងប្រទេស ឱ្យអនុវត្ត គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពទាំង ៩ ចំណុច គឺត្រូវបង្ក្រាបរាល់បទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទឱ្យខានតែបាន ហើយបើកើតមាននៅក្នុងទឹកដីណា អ្នកនោះជាអ្នកទទួលខុសត្រូវ។

បើយោងតាមច្បាប់ ស្តីពី ការបង្ក្រាបល្បែងស៊ីសង ដែលរដ្ឋសភាបានអនុម័ត កាលពីឆ្នាំ១៩៩៦បានចែងផ្តន្ទាទោស៖ .អ្នកញៀនល្បែងស៊ីសង ផ្អែកតាមមាត្រា៤៖ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី១ម៉ឺនរៀល ដល់ ៥ម៊ឺនរៀល រឺ ដាក់គុកពី១សប្តាហ៍ ដល់ ១ខែ។ ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី៥ម៉ឺនរៀល ទៅដល់ ៥សែនរៀល និងដាក់គុកពី១ខែ ដល់ ១ឆ្នាំ។

*មេបនល្បែងស៊ីសង ផ្អែកតាមមាត្រា៥៖ ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី ៥លានរៀល ដល់ ២០លានរៀល និងដាក់គុកពី ១ឆ្នាំ ដល់ ៥ឆ្នាំ ចំពោះអ្នកបើកលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។ ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ និងដាក់គុកដូចបានចែងតាមមាត្រាខាងលើនេះជាអតិបរមា៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare