គ្រាន់តែក្មួយប្រុសជេរអាឈ្លើយទាញកាំបិតកាប់ដាច់ក្បាលរួចយកទៅកប់ចោលបំបាត់ភស្តុភាង

(បន្ទាយមានជ័យ)៖ ពិតជាសាហាវខ្លាំងណាស់ឪពុកមាហ៊ានលើកកាំបិតដេញកាប់ក្មួយដាច់ក្បាលរួចជីកដីកប់បំបាត់ភស្តុភាងតែឈាមស្រែកស្បែកហៅទីបំផុតត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនទាំងយប់នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅភូមិគោកធំ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ឃ្លិម គិមឈាក់ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិគោកធំ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ចំណែកក្មេងរងគ្រោះឈ្មោះ ខុយ សុខឿត ភេទប្រុស អាយុ៦ឆ្នាំ រស់នៅជាមួយជីតានិងយាយរួមទាំងឪពុកមា(ជនសង្ស័យ) ក្នុងភូមិគោកធំ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យដោយឪពុកម្តាយទៅធ្វើការនៅប្រទេសថៃ។

លោកអធិការបានបញ្ជាក់ថា មុនពេលកើតហេតុក្មេងរងគ្រោះបានរត់លេងនៅបរិវេណខាងក្រោយផ្ទះម្នាក់ឯងក្រោយពីបាត់ចៅប្រហែលកន្លះម៉ោងជីដូនឈ្មោះ អ៊ឹម ឆយ អាយុ ៥៨ឆ្នាំ បានដើររក និងហៅមិនលឺឆ្លើយតប រហូតដល់ជីតាឈ្មោះ ឃ្លឹម ប៉ូច អាយុ ៦១ឆ្នាំ បានត្រឡប់មកពីក្រុងសិរីសោភ័ណវិញក៏បាននាំគ្នាដើររកចៅតែរកមិនឃើញសោះលុះម៉ោង១០យប់ ថ្ងៃដដែលយាយឈ្មោះ អ៊ឹម ឆយ បានដើរទៅរកចៅក្រោយផ្ទះក៏ឃើញដីជីកថ្មីៗ ហើយខ្លួនបានកាយមើលស្រាប់តែឃើញសាកសពចៅឈ្មោះខុយ សុខឿត ដេកស្លាប់ក្បាលដាច់ពីកតែម្តងដែលគួរឱ្យរន្ធត់។

លោកវរសេនីយ៍ទោ ទេព រដ្ឋា បន្តថា ក្រោយពីទទួលបានព័ត៌មានពីករណីឃាតកម្មនេះកម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបុស្បូវដោយតាមបទបទបញ្ជារបស់លោកឧត្តមទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចុះធ្វើការស្រាវជ្រាវភ្លាមៗ និងដាក់ការសង្ស័យលើឈ្មោះ ឃ្លិម គិមឈាក់ ជាឪពុកមា (ជាជនញៀនថ្នាំ) ធ្លាប់យកទៅមណ្ឌលបន្សាបគ្រឿងញៀនចំនួន២លើកទើបហៅមកធ្វើការសួរនាំ។

សមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានដេញកាប់សម្លាប់ក្មួយរបស់ខ្លួនពិតមែនក៏ព្រោះខឹងជេរខ្លួនអាឈ្លើយខណៈពេលខ្លួនអង្គុយលេង។ ជនសង្ស័យខាងលើត្រូវបាននគរបាលជំនាញកំពុងកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តដើម្បីអនុវត្តតាមនិតិវិធី៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare