
ម្ចាស់ផ្ទះរវល់ទៅដាំឈូកនៅវាលស្រែ ភ្លើងឆេះផ្ទះអស់ សមត្ថកិច្ចសន្និដ្ឋានបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី
(ព្រៃវែង)៖ ផ្ទះក្បឿងមួយខ្នងទំហំ ៦m គុណ ៩m ត្រូវបានអគ្គីភ័យលេខត្របាក់អស់ទាំងស្រុងពេលដែលម្ចាស់ផ្ទះមិននៅរវល់ទៅដាំឈូកនៅឯវាលស្រែ។
គ្រោះអគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង ០១:១៥នាទីរសៀល ថ្ងៃទី១១ ខែមិថុនា នៅចំណុចភូមិពហ៊ា ឃុំកំពង់ពពិល ស្រុកពារាំងខេត្តព្រៃវែង ម្ចាស់ផ្ទះមានឈ្មោះ ភាព ភា ភេទប្រុស អាយុ ៤៥ឆ្នាំ និង ប្រពន្ធឈ្មោះ ឡិន អាត អាយុ ៤៥ឆ្នាំ។
សមត្ថកិច្ចបានឱ្យដឹងថា ប្ដីប្រពន្ធម្ចាស់ផ្ទះមានមុខរបរជាកសិករដាំឈូក នៅថ្ងៃកើតហេតុនោះ ម្ចាស់ផ្ទះទាំងពីរនាក់បាននាំគ្នាទៅដាំឈូកនៅវាលស្រែក្នុងតំបន់សេដ្ឋកិច្ចពិសេស 7NG ចំណែកកូនៗនាំគ្នាទៅរៀនបាត់អស់ ដោយបិទទ្វារផ្ទះទុកចោលគ្មានមនុស្សនៅទេ។
ប្រភពដដែលនេះបានបញ្ជាក់ថា ពេលកើតហេតុដំបូងគ្មាននរណាបានដឹងនោះទេគឺរហូតទាល់តែភ្លើងឆេះខ្លាំងពេញបន្ទុកទើបភ្ញាក់ផ្អើលដឹងដល់អ្នកជិតខាងនាំគ្នារត់យកទឹកមកជួយជះពន្លត់តែពន្លត់មិនឈ្នះធ្វើឱ្យភ្លើងឆេះកាន់តែខ្លាំងរហូតជួយលែងបានទើបរាយការណ៍ប្ដឹងទៅសមត្ថកិច្ចតែពេលសមត្ថកិច្ចទៅដល់ផ្ទះត្រូវភ្លើងឆេះអស់ទាំងស្រុងទៅហើយទើបបានត្រឹមជួយបាញ់ទឹកទប់ស្កាត់កុំឱ្យឆ្លងរាលទៅផ្ទះអ្នកជិតខាងប៉ុណ្ណោះ។
យោងតាមប្រជាពលរដ្ឋនៅជិតខាងបានអះអាងថាភ្លើងបានឆេះចេញពីខាងក្នុងផ្ទះមកទើបសមត្ថកិច្ចបានសន្និដ្ឋានថា គ្រោះអគ្គីភ័យនេះកើតឡើងដោយសារតែឆ្លងចរន្តអគ្គិសនីនៅក្នុងផ្ទះហើយតាមរយៈការអះអាងរបស់ម្ចាស់ផ្ទះ ទ្រព្យសម្បត្តិទាំងអស់ដែលបាត់បង់គិតជាទឹកប្រាក់ប្រហែល ១៥០០០ដុល្លារ។