កំពុងតែសម្រាន្តលង់លក់ស្រួលស្រាប់តែឮសំលេងស្រឹបៗ លុះចេញមកមើលក៏ឃើញបាក់ស្រុតផ្ទះបាយ និងបង្គន់ចូលទន្លេអស់
(ខេត្តព្រៃវែង)៖ បាក់ស្រុតដីច្រាំងទន្លេប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ៥គ្រួសារ ទ្រព្យសម្បត្តិជាច្រើនធ្លាក់ចូលទឹកតែសំណាងល្អគ្មានគ្រោះថ្នាក់ដល់មនុស្ស
ផ្ទះសម្បែងប្រជាពលរដ្ឋចំនួន ៥គ្រួសារដែលសង់នៅតាមបណ្តោយដងទន្លេតូច ក្នុងឃុំពាមកោះ ស្រុកពាមរក៍ ខេត្តព្រៃវែង បានរងការខូចខាត ដោយសារតែការបាក់ស្រុតដីច្រាំងទន្លេហើយទ្រព្យសម្បត្តិជាច្រើនក៏បានបាត់បង់ដោយសារតែធ្លាក់ចូលទៅក្នុងទឹកផងដែរ។
លោកយាយ សុខ កង អាយុ ៧៧ឆ្នាំជាម្ចាស់ផ្ទះរងគ្រោះម្នាក់ក្នុងចំណោម ៥នាក់បានឱ្យដឹងថា ដីច្រាំងទន្លេក្រោយផ្ទះរបស់គាត់នេះបានចាប់ផ្តើមស្រុតតាំងពីថ្ងៃចុងសប្តាហ៍មកម៉្លេះប៉ុន្តែដំបូងវាគ្រាន់តែបាក់ដីនៅខាងក្រោមតិចៗ មិនទាន់ដល់ផ្ទះទេទើបពួកគាត់មិនចាប់អារម្មណ៍រហូតមកដល់វេលាម៉ោង ២យប់ឈានចូលព្រឹកថ្ងៃទី១១ ខែមិថុនា ពេលកំពុងដេកសុខៗស្រាប់តែលឺសំឡេងបាក់ស្រឹបញ័ររង្គើរពេញផ្ទះហើយពេលចេញមកមើលក៏ឃើញផ្ទះបាយ និងបង្គន់រលំបាក់ចូលទឹកអស់ទៅហើយ។
សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះធម្មជាតិនេះបានធ្វើឱ្យខូចខាតផ្ទះបាយចំនួន ៥ បង្គន់ចំនួន ៥ និងផ្ទះ ១ខ្នងប្រេះហែកពាក់កណ្តាលផ្ទះហើយក្រោយកើតហេតុ ម្ចាស់ផ្ទះចំនួន ៣គ្រួសារ បានរុះរើផ្ទះទៅរកកន្លែងមានសុវត្ថិភាព និងនៅសល់2ផ្ទះកំពុងជួសជុលរស់នៅបន្តកន្លែងដដែលព្រោះគ្មានដីកន្លែងផ្សេងរស់នៅ៕