
គូស្នេហ៍ប្រុសដូចគ្នាប្រចណ្ឌខឹងត្រឡប់ទៅរកប្រពន្ធវិញតាមបាញ់ដល់ស្រុកកំណើតបណ្ដាលឱ្យរបួសធ្ងន់
(ខេត្តព្រៃវែង)៖ បុរសម្នាក់ត្រូវបានបុរសម្នាក់ទៀតដែលជាគូស្នេហ៍តាមមកបាញ់ប្រហារដល់លើផ្ទះបណ្ដាលឱ្យរងរបួសធ្ងន់ដោយសារតែខឹងបុរសរូបនោះរត់ចោលរូបគេហើយមកត្រូវគ្នាជាមួយប្រពន្ធនៅស្រុកកំណើតវិញ។
ករណីបាញ់ប្រហារខាងលើនេះបានកើតឡើងនៅវេលាម៉ោង ០៩:៣៥នាទីយប់ ថ្ងៃទី០១ មិថុនា ឆ្នាំ២០២៥ នៅលើផ្ទះជនរងគ្រោះដែលស្ថិតនៅក្នុងភូមិព្រៃភ្លាំង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
បុរសដែលជាជនរងគ្រោះហើយត្រូវបានគូស្នេហ៍បាញ់ប្រហារឈ្មោះ ហួរ ឡុង ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុ ចំណែកជនបង្កដែលជាគូស្នេហ៍ឈ្មោះ ឃុន ហ៊ុយ ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅក្នុងស្រុកមោងឬស្សី ខេត្តបាត់ដំបង។
មន្ត្រីនគរបាលស្រុកស្វាយអន្ទរបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ហួរ ឡុង ធ្លាប់មានប្រពន្ធនៅស្រុកកំណើតរួចហើយប៉ុន្តែបានឈ្លោះបាក់បែកគ្នា ហើយរូបគេក៏ចេញទៅរកស៊ីនៅក្រុងប៉ោយប៉ែត។ ពេលទៅដល់ទីនោះក៏បានជួប និងស្រឡាញ់គ្នាជាមួយជនបង្កឈ្មោះ ឃុន ហ៊ុយ ហើយបានរកស៊ី និងរួមរស់ជាមួយគ្នានៅទីនោះ។
លុះដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ គូស្នេហ៍ប្រុស និងប្រុសមួយគូនេះបានឈ្លោះប្រកែកគ្នាហើយជនរងគ្រោះហួរ ឡុង ត្រឡប់មកផ្ទះនៅស្រុកស្វាយអន្ទរហើយបានត្រូវគ្នាជាមួយប្រពន្ធវិញចំណែកជនបង្កឈ្មោះ ឃុន ហ៊ុយ ដែលជាគូស្នេហ៍បានព្យាយាមទាក់ទងហៅជនរងគ្រោះឱ្យត្រឡប់ទៅវិញជាច្រើនដងតែជនរងគ្រោះមិនព្រមទៅទើបនៅយប់ថ្ងៃទី១ មិថុនា ជនបង្កបានបើករថយន្តតាមមកដល់ផ្ទះ និងបាញ់សំដៅទៅលើជនរងគ្រោះដែលកំពុងដេកលើផ្ទះត្រូវ១គ្រាប់ចំថ្ពាល់ខាងស្ដាំធ្លុះទៅគុម្ពត្រចៀករងរបួសធ្ងន់រួចជនបង្កបានរត់គេចខ្លួនបាត់ទៅ។
ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំយកទៅសង្គ្រោះនៅឯរាជធានីភ្នំពេញភ្លាមៗ នឹងបានដាក់ពាក្យប្ដឹងទៅសមត្ថកិច្ចឱ្យតាមចាប់ខ្លួនជនបង្កដើម្បីផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ផងដែរ៕