ករណីដឹកសពជនជាតិចិនម្នាក់យកទៅកប់នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលបំបែកសំណុំរឿងតាមចាប់ជនល្មើសជនជាតិភូមា៥នាក់ និងត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ថា ជនល្មើសចំនួន៥នាក់ ដែលបានដឹកសពជនជាតិចិនម្នាក់យកទៅកប់នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងនគរបាលរបស់លោកតាមចាប់បានហើយត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគាររួចហើយ។

ជុំវិញករណីរឿងខាងលើនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៩:៥៣នាទី មានរថយន្ត ២គ្រឿង ពណ៌ស ១គ្រឿង ពណ៌ខ្មៅ ១គ្រឿង ម៉ាកអាល់ផាតបានជាប់ភក់នៅចំណុចផ្លូវលំ ភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ពេលនោះអ្នកបើករថយន្ត និងអ្នកជិះនៅក្នុងរថយន្តបានរកប្រជាពលរដ្ឋឱ្យជួយទាញរថយន្តចេញពីភក់រួចក៏បានបើកចេញទៅបាត់លុះស្អែកឡើងដោយមានការសង្ស័យ ប្រជាពលរដ្ឋបានរាយការណ៍ជូនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្លាមនោះសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងនោះ ធ្វើការត្រួតពិនិត្យឃើញមានសាកសពម្នាក់​មិនទាន់ស្គាល់​អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៤៥ឆ្នាំ សង្ស័យជាជនជាតិចិនកប់ក្នុងប្រឡាយ។

ដោយមានដឹកនាំសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ថ្នាក់ដឹកនាំបានបង្កើតគណៈកម្មការពិនិត្យសាកសពជាលទ្ធផល ផ្នែកក្បាល ដងខ្លួន និងផ្នែកអាវយវៈពុំមានស្លាកស្នាម​អ្វីគួរកត់សម្គាល់។

យោងតាមការសន្និដ្ឋានរបស់លោកវេជ្ជបណ្ឌិត និងមានការពិនិត្យយ៉ាងល្អិតល្អន់របស់មន្រ្តីជំនាញកោសល្យវិច្ច័យ ការបំភ្លឺរបស់សាក្សី និងមានការឯកភាពបឋម​ពីលោកព្រះរាជអាជ្ញារងសន្និដ្ឋានថា ជនរងគ្រោះសង្ស័យស្លាប់ដោយសារគាំងបេះដូង។

លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា ក្រោយមានករណីនេះកើតឡើង លោកបានបញ្ជាឱ្យកម្លាំងជំនាញ និងកម្លាំងអធិការនគរបាលស្រុកអូរជ្រៅ ធ្វើការស្រាវជ្រាវតាមរករថយន្ត និងមុខសញ្ញាខាងលើរហូតឃាត់ខ្លួនជនល្មើសចំនួន០៦នាក់ (ជនជាតិមីយ៉ាន់ម៉ា៥នាក់ និងជនជាតិចិនម្នាក់) នៅចំណុចការដ្ឋានចិនស្ថិតនៅភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដោយ​ដកហូត រថយន្ត២គ្រឿង Lexus LM ពាក់ស្លាកលេខកម្ពុជា ST.1001 និងរថយន្ត Lexus LM ពាក់ស្លាកលេខ ភ្នំពេញ CA-6968ជន។

ក្រោយធ្វើការសាកសួរ ក្នុងចំណោមជនល្មើសខាងលើបានឆ្លើយអះអាងថា ជនរងគ្រោះមានឈ្មោះ A Xing ជនជាតិចិន (សាកសព) ជាបុគ្គលិកដែលខ្លួនទទួលយកមកធ្វើការបានមួយរយៈពេល។ ជនរងគ្រោះកើតមានជំងឺ​ក៏ស្លាប់ក្នងបន្ទប់ ពេលនោះពួកខ្លួនភ័យក៏បាននាំកូនចៅជនជាតិភូមាចំនួន០៥នាក់ (ទាំងរូបខ្លួន) ជិះរថយន្ត២គ្រឿង ខាងលើដឹកសាកសពជនរងគ្រោះយកទៅចោលនៅព្រៃឆ្ងាយ​ដែលខ្លួនមិនស្គាល់តែម្តងទៅព្រោះខ្លាចប៉ូលីសឃើញ។

ក្រោយបញ្ចប់ការសួរនាំ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបញ្ជូនក្រុមជនល្មើសជនជាតិភូមាទាំង៥នាក់ទៅតុលាការរហូតចៅក្រមចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតែម្តង៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare