ឃាត់អ្នកបើករថយន្ដក្រុងវៀតណាមដែលបើកបរល្មើសច្បាប់ឱ្យធ្វើកិច្ចសន្យាអប់រំកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

(ព្រៃវែង)៖ ករណីរថយន្ដក្រុងវៀតណាមបើកបរលើកំណាត់ផ្លូវជាតិលេខ១ បានបង្កជាក្ដីបារម្ភជាខ្លាំងចំពោះប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវផ្សេងទៀត ដោយសារតែអ្នកបើករថយន្ដក្រុងដែលភាគច្រើនជាជនជាតិវៀតណាម តែងប្រើប្រាស់ល្បឿនលឿន និងវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ជាញឹកញាប់ ហើយពេលខ្លះបានជ្រុលទៅបង្កគ្រោះថ្នាក់ជាមួយអ្នកដំណើរផ្សេងទៀតផងដែរ។

ជាមួយនឹងក្ដីព្រួយបារម្ភរបស់ប្រជាពលរដ្ឋនេះ ដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ និងការសំណូមពររបស់ប្រជាពលរដ្ឋ កម្លាំងនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងដែលជាភូមិសាស្ដ្ររថយន្ដ ក្រុងទាំងនោះឆ្លងកាត់ក៏បានធ្វើសកម្មភាពឃាត់រថយន្ដដែលបើកបរល្មើស មកធ្វើកិច្ចសន្យាអប់រំណែនាំដល់អ្នកបើកបរពិសេសធ្វើយ៉ាងណាឱ្យបង្កើនការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍របស់កម្ពុជា។

តាមការពិនិត្យរបស់នគរបាលជំនាញបានបញ្ជាក់ថា អ្នកបើកបរក្រុងវៀតណាមទាំងអស់នោះគឺមានបណ្ណបើកបរត្រឹមត្រូវ និងមានឯកសារបញ្ជាក់គ្រប់គ្រាន់ប៉ុន្ដែគ្រាន់តែបើកបរជាក់ស្ដែងរបស់ពួកគាត់ហាក់មានការធ្វេសប្រហែសពិសេសការប្រើប្រាស់ល្បឿនលើសកំណត់ និងវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ដែលបង្កជាក្ដីព្រួយបារម្ភពីសំណាក់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ។

ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន តាមរយៈបណ្ដាញព័ត៌មាន នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ បានអះអាងថា លោកបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់នគរបាលចរាចរណ៍ ដែលឈរជើងអនុវត្តច្បាប់លើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិសាស្ដ្រខេត្តព្រៃវែងបន្ដយកចិត្តទុកដាក់ និងតាមដានជាប់ជាប្រចាំចំពោះរថយន្ដដែលបើកបរល្មើសក្នុងនោះមានទាំងរថយន្ដក្រុងធុនធំវៀតណាមផងដែរ។

បើតាមលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន កន្លងទៅនគរបាលចរាចរណ៍ខេត្តព្រៃវែងក៏បានឃាត់រថយន្ដក្រុងទាំងនោះដែលល្មើសច្បាប់ ដើម្បីត្រួតពិនិត្យឯកសាររបស់អ្នកបើកបរ និងបានរកឃើញថា តៃកុងឡានទាំងនោះមានបណ្ណបើកបរត្រឹមត្រូវ និងមានឯកសារបញ្ជាក់គ្រប់គ្រាន់ប៉ុន្ដែនគរបាលជំនាញបានធ្វើកិច្ចសន្យាអប់រំណែនាំដើម្បីឱ្យអ្នកបើកបរទាំងនោះបញ្ឈប់ការបើកបរក្នុងស្ថានភាពគ្រោះថ្នាក់បន្ដទៀត។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋបានសំណូមពរសមត្ថកិច្ចដែនដីទាំងក្នុងភូមិសាស្ដ្រខេត្តកណ្ដាល ខេត្តព្រៃវែង និងខេត្តស្វាយរៀងបង្កើនវិធានការម៉ឺងម៉ាត់ចំពោះអ្នកបើកបររថយន្ដក្រុងវៀតណាមរូបណាដែលបើកបរល្មើសច្បាប់ ប្រមាថដល់អាយុជីវិតអ្នកដទៃព្រោះការធ្វេសប្រហែសត្រឹមមួយវិនាទីរបស់អ្នកបើកបរទាំងអស់អាចបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់ផ្លូវដូចគ្នា៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare