
ប្រពន្ធលោកផ្កាយ២ម្នាក់ ដែលជាមេតុងទីន សុីដាច់លុយជិត៣០ម៉ឺនដុល្លាររត់គេចបាត់ យោធាជាកូនតុងទីនជិត២០នាក់តំណាងជាង១០០នាក់នាំគ្នាតវ៉ា
ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីយោធាជិត២០នាក់តំណាងឱ្យជាង១០០នាក់ បាននាំគ្នាតវ៉ាសុំឱ្យភរិយាលោកផ្កាយ២ ដែលធ្វើជាមេតុងទីន វេចលុយជិត៣០ម៉ឺនដុល្លាររត់បាត់ត្រូវតែចេញមុខដោះស្រាយ ព្រោះការគេចមុខនេះវាស្មើនឹងបទឆបោក ។ ការតវ៉ានេះត្រូវបានធ្វើឡើងនៅមុខផ្ទះលោកផ្កាយ២ កាលពីថ្ងៃទី៤ កញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ។
ឈ្មោះ ប៉ែន ចន្ទី ភេទប្រុស អាយុ៥៥ឆ្នាំ ជាមន្ត្រីយោធា បានប្រាប់ថា សមាជិកតុងទីនដែលមកតវ៉ាជិត២០នាក់នេះ តំណាងឱ្យសមាជិកផ្សេងទៀតជាង១០០នាក់ បានចាញ់បោកមេតុងទីនដែលវេចលុយរត់បាត់ ។ លោកស្រីភរិយាលោកផ្កាយ២ ជាមេតុងទីននេះមានឈ្មោះ សុក ឃឿន ហៅពៅ អាយុ៣៦ឆ្នាំ ។
ឈ្មោះ សេង សារឿន ភេទប្រុស អាយុ៤០ឆ្នាំ ជាជាងទង បានបញ្ជាក់ថា មូលហេតុដែលសមាជិកធ្វើការតវ៉ានេះ ព្រោះអ្នកស្រី សុក ឃឿន ហៅពៅ ជាមេតុងទីនបានវេចលុយជិត៣០ដុល្លារ ដែលបោកពីសមាជិកតុងទីនជាង១០០នាក់ រត់បាត់ជាង២ខែមកហើយទើបដឹង ។ ពេលដឹងច្បាស់ភ្លាមក៏នាំគ្នាធ្វើការតវ៉ាសុំឱ្យមេតុងទីនឈ្មោះ ចែពៅ ចូលខ្លួនមកដោះស្រាយជាមួយសមាជិកតុងទីន ដែលភាគច្រើនជាគ្រួសារមន្ត្រីយោធាកងពលតូចថ្មើរជើងលេខ៥១ នៅស្រុកព្រះនេត្រព្រះ បានចាញ់បោកច្រើនឆ្នាំមកហើយ ទើបចុងក្រោយមេតុងទីនវេចលុយជិត៣០ម៉ឺនដុល្លាររត់ចេញពីផ្ទះបិទទ្វារចោល ។