
មន្ទីរពេទ្យបង្អែកស្រុកពារាំងបានស្ថិតក្នុងចំណោមថប់ហ្វាយ (Top Five) ដែលជាមន្ទីរពេទ្យស្អាតជាងគេទូទាំងប្រទេស
(ព្រៃវែង)៖ មន្ទីរពេទ្យបង្អែកស្រុកពារាំង ស្ថិតនៅឃុំស្នាយពល ស្រុកពារាំង ខេត្តព្រៃវែងគឺជាមន្ទីរពេទ្យមួយដែលកំពុងតែមានការចាប់អារម្មណ៍ហើយក៏ត្រូវបានគណៈកម្មការវាយតម្លៃថា ជាមន្ទីរពេទ្យដែលមានសោភណ្ឌភាព អនាម័យ របៀបរៀបរយ សេវាល្អ ស្អាតជាងគេទូទាំងប្រទេសដែលបានជាប់ចំណាត់ថ្នាក់ខ្ពស់នៅក្នុង (Top Five)។ លោកវេជ្ជបណ្ឌិត អ៊ុំ សារិទ្ធិ ប្រធានមន្ទីរពេទ្យបង្អែកស្រុកពារាំងបានមានប្រសាសន៍លើកឡើងថាកាលពីឆ្នាំ ២០១៩ មន្ទីរពេទ្យបង្អែករបស់លោកទទួលបានចំណាត់ថ្នាក់ ៣ ទូទាំងប្រទេសដែលជាមន្ទីរពេទ្យល្អស្អាតមានរបៀបរៀបរយអនាម័យល្អជាងគេម្ដងរួចនោះមកហើយ។ ហើយនៅក្នុងឆ្នាំនេះផងដែរ មន្ទីរពេទ្យបង្អែករបស់លោកក៏បានឈានទៅដល់ការវាយតម្លៃថា ជាមន្ទីរពេទ្យបង្អែកដែលមានអនាម័យ សោភណ្ឌភាព របៀបប្រៀបរយ សេវាល្អ ស្អាតដែលបានឈានទៅដល់ចំណាប់ថ្នាក់ខ្ពស់គឺ (Top Five) ទូទាំងប្រទេស។
លោកក៏បានលើកឡើងផងដែរថា នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកពារាំងនេះមានបុគ្គលិកចំនួន ៥៧នាក់ ស្រី ២៩នាក់ បុគ្គលិកជួល ៨ នាក់ ស្រី ២នាក់ កម្មករចំនួន១៣នាក់ ស្រី ៩នាក់។
លោកវេជ្ជបណ្ឌិតក៏បានបន្ថែមទៀតថា ដំណើរការដែលឈានទៅដល់មន្ទីរពេទ្យបង្អែកបានទៅក្នុងចំណាប់ថ្នាក់ខ្ពស់ ក្នុងចំណោមមន្ទីរពេទ្យដែលមានសោភណ្ឌភាព របៀបរៀបរយ អនាម័យ សេវាល្អ ស្អាតនេះគឺកើតចេញពីកត្តាសាមគ្គីភាពរវាងបុគ្គលិកពេទ្យទាំងអស់បានសហការគ្នាបានយ៉ាងល្អហើយជាពិសេសទៀតនោះដោយបានការជ្រុងជ្រែងពីប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង លោកបណ្ឌិត សេង បញ្ញាឬទ្ធិប្រធានមន្ទីរសុខាភិបាលខេត្តក៏ដូចជាលោក ចេម ប្រា អភិបាលស្រុកពារាំងបានខិតខំយកចិត្តទុកដាក់ជំរុញ ណែនាំធ្វើយ៉ាងណាដើម្បីឱ្យមន្ទីរពេទ្យបង្អែកស្រុកពារាំងនេះឈានទៅដល់មន្ទីរពេទ្យដែលមានរបៀបរៀបរយអនាម័យ សេវាល្អ ជាប់ចំណាត់ថ្នាក់មន្ទីរពេទ្យបង្អែកដែលស្អាតជាងគេទូទាំងប្រទេស។ សូមស្ដាប់ការលើកឡើងរបស់លោកវេជ្ជបណ្ឌិតដូចតទៅ។