ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសាលាមត្តេយ្យសិក្សា និងពិសាអាហារសាមគ្គីជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាមត្តេយ្យសិក្សា ជីផុច ស្រុកមេសាង

(ព្រៃវែង)៖ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសាលាមត្តេយ្យសិក្សា និងពិសាអាហារសាមគ្គី ជាមួយលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាមត្តេយ្យសិក្សា ជីផុច ស្រុកមេសាង ខេត្តព្រៃវែង។

ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ការពង្រឹងវិស័យអប់រំគឺជាការលើកកម្ពស់ធនធានចំណេះដឹងដល់យុវជន គ្រប់ស្រទាប់វណ្ណៈព្រមទាំងក្មួយៗ កុមារា កុមារី ដែលជាទំពាំងស្នងឬស្សី ប្រកបដោយចំណេះ ជំនាញកាន់តែខ្លាំងឡើងបន្ថែមទៀតនៅពេលអនាគត និងប្រទេសជាតិ។

ឯកឧត្តម អភិសន្តិបណ្ឌិតមានប្រសាសន៍បន្តថា ការអប់រំគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ គ្រប់វ័យ គ្រប់ប្រទេសទាំងអស់ ដែលពោរពេញដោយសក្តានុពលនៃការអភិវឌ្ឍ និងជាទ្រព្យធនដែលមនុស្សជាតិគ្រប់គ្នាត្រូវការដោយខានមិនបានក្នុងការធ្វើឱ្យសម្រេចបាននូវ ជីវភាពរស់នៅប្រកបដោយសុខដុមរមនាដោយមានឧត្តមភាព សន្តិភាព សេរីភាព និងយុត្តិធម៌សង្គម។ 

ក្នុងនោះលោក ហ៊ន សុផាត អភិបាលស្រុកមេសាងបានឱ្យដឹងថា ដោយពី១ឆ្នាំ ទៅ១ឆ្នាំកំណើន កុមារចាប់ពីអាយុ៣ឆ្នាំដល់៥ឆ្នាំដែលដល់វ័យចូលសិក្សាសាលាមត្តេយ្យតែសាលាបឋមសិក្សាជីផុច មិនអាចទទួលឱ្យកុមារអាយុ ៣ឆ្នាំ និង៤ឆ្នាំឱ្យចូលរៀននៅមត្តេយ្យសិក្សាកម្រិតទាប និងកម្រិតមធ្យមបានដោយកង្វះអគារសិក្សា និងសម្ភារៈសម្រាប់ដំណើរការរៀន និងបង្រៀនទើបឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវរួមជាមួយឯកឧត្តម លោកជំទាវ លោក-លោកស្រី សប្បុរសជន និងក្រុមការងារក្រោមការចង្អុលបង្ហាញក្នុងការសាងសង់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ។

នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ សាលាមត្តេយ្យសិក្សាជីផុចត្រូវបានចាប់ផ្តើមសាងសង់ និងបញ្ចប់ជាស្ថាពរនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ មាន១ខ្នង ចំនួន៤បន្ទប់ (បន្ទប់រៀន៣ និងទីចាត់ការ១) ដែលចំណាយថវិកាសរុប ៨៧,៥០០ដុល្លា។ បច្ចុប្បន្នគ្រូបង្រៀនសរុបមានចំនួន១២នាក់ ស្រី៩នាក់ ចំនួនសិស្សសរុបចំនួន ៤៥០នាក់ ស្រី ២៣៣នាក់ ក្នុងនោះសិស្សមត្តេយ្យកម្រិតខ្ពស់ចំនួន ៣៧នាក់ ស្រី ២០នាក់ និងសិស្សបឋមសិក្សាចំនួន ៤១៣នាក់ ស្រី ២១៣នាក់ ថ្នាក់រៀន មានចំនួន ១១ថ្នាក់ ក្នុងនោះថ្នាក់មត្តេយ្យកម្រិតខ្ពស់ ចំនួន ១ថ្នាក់ ថ្នាក់បឋមសិក្សា ចំនួន១០ថ្នាក់ អគារសិក្សាចំនួន ២ខ្នង ស្មើ ៧បន្ទប់៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare