ចំនួនអ្នកស្លាប់កើនដល់៣៧នាក់ និងបន្តបាត់ខ្លួន៥នាក់ក្នុងករណីក្រឡាប់ទូកទេសចរណ៍នៅតំបន់ Halong Bay ប្រទេសវៀតណាម
(ហាណូយ)៖ នៅថ្ងៃអាទិត្យ ទី២០ ខែកក្កដា ក្រុមអ្នកសង្រ្គោះកំពុងស្ទុះស្ទាស្វែងរកអ្នកបាត់ខ្លួន៥នាក់ទៀតបន្ទាប់ពីមនុស្ស៣៧នាក់បានស្លាប់នៅពេលទូកទេសចរណ៍១គ្រឿងបានក្រឡាប់លិចនៅតំបន់ឆកសមុទ្រ Halong ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយប្រចាំប្រទេសវៀតណាម នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកវៀតណាមបានឱ្យដឹងថា ទូកទេសចរណ៍ឈ្មោះថា Wonder Sea ផ្ទុកអ្នកដំណើរសរុប៤៨នាក់ដែលភាគច្រើនជាគ្រួសារអ្នកទេសចរមកពីរដ្ឋធានីហាណូយរួមជាមួយក្រុមការងារទូក៥នាក់ បានជួបឧបទ្ទវហេតុខាងលើកាលពីរសៀលថ្ងៃសៅរ៍សប្តាហ៍នេះ ដោយសារតែនៅសុខៗស្រាប់តែមានព្យុះភ្លៀងខ្លាំងភ្លាមៗ។ មនុស្ស១១នាក់ដែលនៅរស់ត្រូវបានជួយសង្រ្គោះ ខណៈសាកសព៣៧នាក់ត្រូវស្រង់បាន ក្នុងនោះ៣នាក់ជាបុគ្គលិកទូក។ សម្រាប់អ្នកបន្តបាត់ខ្លួនគឺមាន៣នាក់ជាភ្ញៀវទេសចរ និង២នាក់ជាបុគ្គលិកទូក។
គួរបញ្ជាក់ថា ក្នុងខែកក្កដាដដែលនេះក៏ទើបតែមានករណីលិចស្រឡាង១គ្រឿង នៅក្បែរឆ្នេរកោះទេសចរណ៍ដ៏ពេញនិយមរបស់ប្រទេសឥណ្ឌូណេស៉ីគឺកោះ Bali ផងដែរដោយសោកនាដកម្មនោះបានផ្តាច់ជីវិតមនុស្សយ៉ាងហោច១៨នាក់៕