លោក ចេម ប្រា អភិបាលស្រុកពារាំង និងលោកស្រី តាំង ស្រីមុំ ព្រមទាំងក្រុមការងារចំណុះឱ្យរដ្ឋបាលស្រុកពារាំងបាននាំយកទៀនព្រះវស្សា ទេយ្យទាន បច្ច័យ និងគ្រឿងបរិក្ខារមកប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តត្នោត

(ខេត្តព្រៃវែង)៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ចេម ប្រា អភិបាលនៃគណៈអភិបាលស្រុកពារាំង និងលោកស្រី តាំង ស្រីមុំ ព្រមទាំងក្រុមការងារចំណុះអោយរដ្ឋបាលស្រុកពារាំងបាននាំយកទៀនព្រះវស្សា ទេយ្យទាន បច្ច័យ និងគ្រឿងបរិក្ខារផ្សេងៗមកប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន៣ខែ គិតចាប់ពីថ្ងៃទី ១រោច ខែអាសាឍ ដល់ថ្ងៃទី១៥កើត ខែអស្សុជ ឆ្នាំ២០២៥ នៅវត្តត្នោត ស្ថិតនៅភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

កម្មវិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក-លោកស្រីអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាល លោកអធិការនគរបាលស្រុក អធិការរង លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោកមេបញ្ជាការផ្នែកសឹងរងស្រុក ប្រធាន អនុប្រធាន ការិយាល័យរដ្ឋបាលស្រុក លោកប្រធានOD ប្រធានមន្ទីពេទ្យបង្អែកស្រុក លោកមេឃុំទាំង៩ និងលោក-លោកស្រីស្មៀនឃុំទាំង៩ បាននាំយកមកនូវទេយ្យវត្ថុ និងបច្ច័យកសាងវត្តមកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តពោធិ៍រតនារាម (ហៅវត្ត)ចំពោះទេយ្យវត្ថុដែលបានយកមកប្រគេនដល់ព្រះសង្ឃរួមមាន:
– ទានព្រះវស្សា ១គូ
– ស្លាដក ១ឈុត
– អង្ករ ១០០Kg
– ស្ករស ៥Kg
– តែ ៥កញ្ចប់ធំ
– ទឹកសុីអុីវ ៥យួរ
– មីខ្លាឃ្មុំ ៥កេះ
– ត្រីខកំប៉ុង ២យួរ
– ទឹកក្រូច ៥កេះ
– ទឹកបរិសុទ្ធ ៥កេះ
បច្ច័យប្រគេនព្រះសង្ឃ១អង្គ ១០០,០០០រៀល បច្ច័យកសាងវត្តចំនួន ២,០០០,០០០រៀល បច្ច័យជូនអាចារ្យ និងគណៈកម្មការវត្ត១នាក់ ២០,០០០រៀល បន្ថែមពីនោះលោកអភិបាលស្រុក និងលោកស្រីបានជូនកន្សែងនិងក្រមាដល់លោកតា លោកយាយ និងពុទ្ធបរិស័ទដែលបានអញ្ជើញមកចូលក្នុងកម្មវិធីនេះផងដែរ ថវិកាសរុបចំនួន ៣,៤៧០,០០០រៀល។

ក្នុងឱកាសអញ្ជើញដល់ទីអារាមខាងលើ លោក ចេម ប្រា ព្រមទាំងលោក លោកស្រីដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះបានបូជាទៀនធូប និងថ្វាយគន្ធពិដោរចំពោះព្រះពុទ្ធបដិមាស្នងអង្គ ព្រះសម្មាសម្ពុទ្ធ ជាកិច្ចរំលឹកដល់គុណបុណ្យព្រះរតនត្រ័យតាមប្រពៃណី ព្រះពុទ្ធសាសនាដ៏រុងរឿងនៃយើង និងបានធ្វើបទនមស្ការថ្វាយបង្គំព្រះពុទ្ធរូប ថ្វាយបង្គំព្រះសង្ឃជាសាវៈ និងសមាទានសីលដើម្បីរំលឹកនឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង។

បន្ទាប់ពីប្រារព្ធពិធីនានាតាមគន្លងប្រពៃណី ព្រះពុទ្ធសាសនារួចមកលោក ចេម ប្រា ព្រមទាំងលោក-លោកស្រីជាពុទ្ធបរិស័ទទាំងអស់បានវេរទៀនព្រះវស្សា ប្រេង គ្រឿងឧបភោគភេសជ្ជៈ និងគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងវត្តត្នោតប្រកបដោយសទ្ធាជ្រះថ្លាបំផុត។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលស្រុកក៏បានធ្វើការសំណេះសំណាលជាមួយលោកតា លោកយាយក៏ដូចជាពុទ្ធបរិស័ទទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ និងបាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខពីសំណាក់ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងដែលជានិច្ចជាកាលឯកឧត្តមតែងតែមានការយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលាហើយក៏សូមឱ្យបងប្អូនទាំងអស់ជឿជាក់លើរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់ទីកន្លែង។

សូមបញ្ជាក់ផងដែរថា តាមទំនៀមទំលាប់ជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃទាំងឡាយគ្រប់អារាមក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែចាប់ពីថ្ងៃ១រោចខែអាសាធតទៅ។ ពាក្យថា (វស្សា) ប្រែថា (ភ្លៀងឬរដូវភ្លៀង) ដែលមានកំណត់រយ:ពេល៣ខែ រាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥កើត ខែកត្តិក ក្នុងរយ:ពេល៣ខែនេះនៅគ្រប់ព្រះវិហារទាំងឡាយ គេតែងរក្សាភ្លើងទៀនព្រះវស្សាធ្វើពីក្រមួនឱ្យឆេះជានិច្ចតែបច្ចុប្បន្ននេះដោយសារក្រមួនពុំសូវសម្បូរគេនិយមប្រើប្រេងជំនួសវិញជួនកាលមានព្រះសង្ឃខ្លះពុំបានចូលព្រះវស្សាតាមកំណត់កាលវេលា៣ខែដោយមានធុរៈអ្វីមួយ ឬដោយរោគាពាធិនោះ លោកអាចចូលបច្ឆិមិកវស្សាបានគឺលោកចូលនៅថ្ងៃ១រោជ ខែស្រាពណ៍ហើយត្រូវគិតវស្សាឱ្យគ្រប់៣ខែដូចព្រះសង្ឃដែលចូលមុនគឺត្រូវចេញវិញ នៅថ្ងៃ១រោជ ខែកត្តិក។

ជាកិច្ចបញ្ចប់នៃកម្មវិធី លោកអភិបាលស្រុកក៏សូមបួងសួងដល់វត្ថុសក្តិសិទ្ធិទាំងអស់នៅក្នុងប្រទេសកម្ពុជា សូមឱ្យប្រជាជនក្នុងប្រទេសកម្ពុជាទាំងមូល ជួបប្រទះតែសេចក្តីសុខចម្រើនជារៀងរហូត និងសូមប្រគេនពរ និងជូនពរដល់ព្រះសង្ឃ និងលោកតា លោកយាយព្រមទាំងពុទ្ធបរិស័ទទាំងអស់ជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare